មន្ទីរសាធារណការ ខេត្តព្រះវិហារ ជួលជុល ថែទាំផ្លូវជាតិលេខ៩៤ប្រវែងជាង៥០គីឡូម៉ែត្រ ចាប់ពីស្រុកឆែប ដល់ ព្រំដែនកម្ពុជា-ឡាវ
ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅថ្ងៃទី១៨ តុលានេះ បាននិងកំពុងធ្វើការជួលជុល ថែទាំផ្លូវជាតិលេខ៩៤ប្រវែងជាង៥០គីឡូម៉ែត្រ ចាប់ពីស្រុកឆែប ដល់កំពង់ស្រឡៅមួយ ជាប់ព្រំដែនកម្ពុជា–ឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា៖ ក្រុមការងារថែទាំផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានធ្វើការជួលជុល ថែទាំផ្លូវជាតិលេខ៩៤(ក្រាលដីល្បាយថ្ម) ចាប់ពីស្រុកឆែប ដល់កំពង់ស្រឡៅមួយ(ព្រំដែនកម្ពុជា–ឡាវ ) ប្រវែងសរុប ៥៤.៩គីឡូម៉ែត្រ បន្ទាប់ពីមានភ្លៀងជោគជាំនាពេលកន្លងមក ថ្ងៃនេះក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការ កៀរសម្រួល ថែមដី ស្រោចទឹកកិនបង្ហាប់ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារផងដែរ។
ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ លោកសំ លាងទ្រី សូមអោយ បងប្អូន ប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់៕