ផ្ទុះការរិះគន់ ការប្តូរស្លាកថ្មីថា មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ដែលអក្សរចិននៅពីលើអក្សរជាតិ
ភ្នំពេញ៖បណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ បានធ្វើការចែកចាយនូវរូបភាពជាច្រើនសន្លឹក នៃស្លាកថ្មី មន្ទីរពេទ្យព្រះកុសុមៈ ក្រោយពីការកែប្រែថ្មី ដែលមានឈ្មោះថា មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ។ ក្នុងស្លាកថ្មីនេះ គឺមានដាក់អក្សរចិនធំៗ នៅខាងលើ និងអក្សរខ្មែរតូចៗនៅខាងក្រោម។
មន្ទីរពេទ្យព្រះកុសុមៈ ដែលជាអគាររបស់រដ្ឋ បានផ្លាស់ប្តូរទម្រង់ច្រកចូលថ្មីហើយ។ ជនជាតិចិនដែលកំពុងរស់នៅស្រុកខ្មែរ គឺងាយស្រួលរកមន្ទីរពេទ្យនេះ សម្រាប់ការព្យាបាល ព្រោះច្រកចូលសរសេរជាភាសាចិនយ៉ាងធំនៅពីលើអក្សរជាតិ។
បណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា ខុសបច្ចេកទេសហើយ សូមក្រសួង មេត្តាចុះធ្វើការកែតម្រូវផង សូមមេត្តាទាន។
ហើយប្រិយមិត្តហ្វេសប៊ុក បានលើកឡើងថា ក្រោយគេទើសផ្អើលអស់មនុស្សលោក ទើបទេវតាយកភ្នែកមើល ហើយបកចោលវិញ ។ អរគុណអ្នកទើស។
ចំណែកគណនីហ្វេសប៊ុក ឈ្មោះ Mach Meas បានលើកឡើងជាសំណួរថា ហេតុអីអក្សរចិនធំជាងអក្សរខ្មែរ ហើយនៅពីលើអក្សរជាតិយើង អញ្ចឹងបង។
ទោះយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញ និងថ្នាក់ដឹកនាំតាមបណ្តាលក្រសួង ស្ថាប័នជាច្រើន បានណែនាំដល់បណ្តាក្រុមហ៊ុន ផ្ទះសំណាក់ ហាង និងស្ថាប័ននានា ត្រូវលើកដាក់ស្លាកសម្គាល់ទីតាំងរបស់ខ្លួន គឺអក្សរជាតិនៅពីខាងលើ ចំណែកអក្សរបរទេស នៅពីខាងក្រោមនិងមានទំហំតូចជាងអក្សរជាតិ។
សូមបញ្ជាក់ថា ការដែលមន្ទីរពេទ្យព្រះកុសុមៈ ដែលគេស្គាល់ថាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានផ្លាស់ប្តូរមកជាមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ដោយសារមន្ទីរពេទ្យត្រូវបានស្ថាបនាជាមន្ទីរពេទ្យថ្មីទំនើបតាមស្តង់ដារ ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដោយវាយអគារចាស់ចោល ហើយសាងសង់អគារថ្មី៕