ក្លឹបអ្នកកាសែតកម្ពុជា ប្រកាសលទ្ធផលនៃការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ “សម្រស់សហគមន៍យើង»
ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៣ បានប្រកាសលទ្ធផលនៃការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ “សម្រស់សហគមន៍យើង»ដែលធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។
ក្រោយ ក.អ.ក ចេញសេចក្តីប្រកាសព័ត៌មានអំពីការប្រកួតប្រជែងខាងលើនេះ មានអ្នកសារព័ត៌មាន រួមទាំងអ្នកថតរូបឯករាជ្យជាច្រើនបានផ្ញើរូបថតមក ក.អ.ក ដើម្បីចូលរួមប្រកួតប្រជែង និងដណ្តើមពានរង្វាន់។ បន្ទាប់ពីគណៈកម្មការបានពិនិត្យ វិនិច្ឆ័យ និងផ្ដល់ពិន្ទុយ៉ាងសុក្រឹតរាល់រូបថតដែលជាស្នាដៃរបស់ បេក្ខជន ក៏បានរកឃើញបេក្ខជនចំនួន៥រូប ដែលនឹងត្រូវទទួលបានពានរង្វាន់ពីកម្មវិធី ហើយដើម្បីលើកទឹក ចិត្តដល់បេក្ខជន និងជ័យលាភី ក.អ.ក សម្រេចរៀបចំពិធីប្រគល់ពានរង្វាន់ តាមពេលវេលា និងនៅទីតាំងកំណត់។
ចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយមានកិច្ចសហការពី ក្រុមហ៊ុន ស៊ី ភី អល (ខេមបូឌា) ឯ.ក (CP ALL (Cambodia) Co., Ltd.) និងស្ថាប័នរដ្ឋចំនួន៣រួម មាន៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងទេសចរណ៍ បានប្រកាសការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ «សម្រស់សហគមន៍យើង» នៅក្នុងយុគសម័យឌីជីថល ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់
ទម្រង់នៅកម្ពុជាបានបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួនដណ្តើមពានរង្វាន់រហូត៣លានរៀលសម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។
មកដល់ថ្ងៃបិទការទទួលរូបថតសម្រាប់ការប្រកួតប្រជែង ក.អ.ក ទទួលបានស្នាដៃរូបថតពី បេក្ខជនចំនួន២៩រូប (៨៧សន្លឹក) ដែលមកពីស្ថាប័នផ្សេងៗគ្នា ហើយរូបថតទាំងអស់ដែលដាក់មក ចូលរួម បានបង្ហាញនូវស្នាដៃ និងទេពកោសល្យក្នុងការផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៃតំបន់ រមណីយដ្ឋានទេសចរណ៍, អេកូទេសចរណ៍, តំបន់ធនធានធម្មជាតិ, វប្បធម៌, បរិស្ថាន រួមទាំងការ អភិវឌ្ឍនៅកម្ពុជា។
ដើម្បីធានាដល់ការពិនិត្យ និងវាយតម្លៃលើរូបថតទាំងអស់ឱ្យមានសុក្រិតភាព ក.អ.ក បាន បង្កើតគណៈកម្មការកំណែមួយដែលមានសមាសភាពបីរូប៖
១. លោក ហេង ស៊ីនិត្យ ជាអ្នកថតរូបអាជីពបម្រើក្នុងវិស័យសារព័ត៌មានជាតិនិងអន្តរជាតិ ជាង៣០ឆ្នាំមកហើយ ក្នុងនោះជិត២០ឆ្នាំជាមួយសារព័ត៌មានដ៏ល្បីរបស់អាម៉េរិក គឺ Associated Press ហើយក៏ជាគ្រូបង្រៀនផ្នែកថតរូបផងដែរ, ២. លោក ឡាម៉ូ (La Mo) ជាសិល្បករថតរូប និងជា ស្ថាបនិក (Unseen Cambodia) ដ៏ល្បីដែលធ្លាប់ទទួលបានពានរង្វាន់ផ្នែកថតរូបថ្នាក់តំបន់ និងអន្តរ ជាតិចំនួនពីរលើកកាលពីឆ្នាំ២០១៧ និង២០១៨, និងទី៣. លោក ពុយ គា ជាប្រធានអ្នកឆ្លងឆ្លើយ ឱ្យទីភ្នាក់ងារព័ត៌មាន Kyodo News របស់ជប៉ុនជិត៣០ឆ្នាំ និងជាប្រធានក្លិបអ្នកកាសែតកម្ពុជា។
គណៈកម្មការបានពិនិត្យនិងវិនិច្ឆ័យយ៉ាងល្អិតល្អន់ ហើយវាយតម្លៃជារួមថា រូបថតដែលបេក្ខ ជនដាក់ចូលរួមប្រកួតប្រជែងមានភាពរស់រវើក ទាក់ទាញ និងស្រស់ស្អាត ហើយគណៈកម្មការសម្រេច ជ្រើសរើសជ័យលាភីចំនួន៥រូបដើម្បីទទួលពានរង្វាន់រួមមាន៖
១- ជ័យលាភីលេខ១ លោក លន ហ្សាឌីណា ជាអ្នកសារព័ត៌មានឯករាជ្យ ទទួលបាន ថវិកាចំនួន ៣លានរៀល និងពាន១
២- ជ័យលាភីលេខ២ លោក គឹម បូរិន មកពីសារព័ត៌មានភ្នំពេញថ្មីទទួលបានថវិកាចំនួន ២លាន ៥សែនរៀល និងពាន១
៣- ជ័យលាភីលេខ៣ លោក តាំង ឈីនសុធី មកពីទីភ្នាក់ងារសារព័ត៌មាន AFP ទទួលបានថវិកាចំនួន ២លានរៀល និងពាន១
៤- ជ័យលាភីលេខ៤ លោក ហុង មិនា មកពីកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានថវិកាចំនួន១ លាន ៥សែនរៀល និងពាន១
៥- ជ័យលាភីលេខ៥ លោក ប៉ាន់ បូនី មកពីទូរទស្សន៍បាយ័ន ទទួលបានថវិកាចំនួន១ លានរៀល និងពាន១
ក្រៅពីរង្វាន់ខាងលើ ជ័យលាភីម្នាក់ៗក៏នឹងទទួលបាននូវសម្ភារមួយចំនួនបន្ថែមទៀត។ ដោយ ឡែកចំពោះបេក្ខជនចូលរួមប្រកួតប្រជែង តែមិនទទួលជ័យលាភីក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។ ក្លឹបអ្នកកាសែតកម្ពុជា កត់សម្គាល់ថា ទោះបីជាលើកទី១ សម្រាប់ការប្រកួតប្រជែងនេះ ប៉ុន្តែអ្នកសារព័ត៌មាន និងអ្នកថតរូបឯករាជ្យបានបង្ហាញនូវការចាប់អារម្មណ៍ និងបានផ្ញើរូបថតមកចូលរួមដណ្ដើម ពានរង្វាន់។ ក.អ.ក សម្ដែងការអរគុណចំពោះបេក្ខជនដែលបានចូលរួមក្នុងការប្រកួតប្រជែង ហើយបានសម្រិតសម្រាំងស្នាដៃរបស់ខ្លួន ដើម្បីដណ្ដើមពានរង្វាន់ ហើយក៏សូមអបអរសាទរចំពោះជ័យលាភីទាំង៥ រូបផងដែរ។ ទន្ទឹមនោះក៏សោកស្តាយ ចំពោះបងប្អូនជាច្រើនទៀតដែលមានបំណងចូលរួមប្រកួតប្រជែង ប៉ុន្តែពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្ដិតយករូបភាព និងសម្រិតសម្រាំង។
លោក ពុយ គា ជាប្រធាន ក.អ.ក បានថ្លែងថា ជាថ្មីម្តងទៀតចាត់ទុកការប្រកួតប្រជែងនេះ មិនគ្រាន់តែបង្ហាញនូវស្នាដៃ ទេពកោសល្យ ដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗនោះទេ ប៉ុន្តែអ្វីដែលមានអត្ថន័យគួរឲ្យកត់សម្គាល់នោះ ការក្រកួតប្រជែងរូបថតនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយជួយដល់វិស័យទេសចរណ៍ នៅកម្ពុជា។ តាមរយៈរូបថតដែលបានចូលរួម ហើយនឹងត្រូវបន្តផ្សព្វផ្សាយទូលាយក្នុងសារព័ត៌មានជា បន្តបន្ទាប់នោះ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិនឹងបានស្វែងយល់ដឹងបន្ថែមទៀតអំពីតំបន់ទេសចរណ៍ ទាំងទេសចរណ៍ ធម្មជាតិ វប្បធម៌ បរិស្ថាន និងតំបន់អេកូទេសចរណ៍រួមទាំងការអភិវឌ្ឍន៍លើគ្រប់ វិស័យនៅកម្ពុជា។
ក.អ.ក សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ស៊ី ភី អល (ខេមបូឌា) ឯ.ក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងទេសចរណ៍ ដែលបាន សហការរៀបចំការប្រកួតប្រជែងដ៏មានសារសំខាន់នេះ ហើយរំពឹងថា យើងនឹងបន្តរួមគ្នាដើម្បីរៀបចំការ ប្រកួតប្រជែងលើផ្នែកផ្សេងៗទៀតដែលនឹងផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់វិស័យសារព័ត៌មាន
និងការអភិវឌ្ឍន៍នៅកម្ពុជា៕