ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋ បានដឹងពីសមិទ្ធិផល ដែលសម្រេចបាន និងបញ្ហាប្រឈម

42

 

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ប្រមាណជិត១០នាក់បានស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយពួកគាត់លើកការ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ដែលមានដូចជាការសុំជួយធ្វើផ្លូវ ប្រព័ន្ធលូ ដោះស្រាយការលិចលង់ និងការសុំបង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

ការស្នើឡើងនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

វេទិកានេះ ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធររាជធានីភ្នំពេញ ជួយស្ថាបនាផ្លូវ ដាក់លូ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ បុកស៊ីផាយនៅប្រឡាយបឹងត្របែក និងការជួយដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង ខណៈ ដែលការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាស មានរង្វង់មូលនៅលើអាកាស កំពុងដំណើរការសាងសង់ ហើយបានហូរទាំងទឹកនិងថ្ម ចូលទៅក្នុងភូមិដ្ឋានរបស់ពួកគាត់ បណ្តាលអោយលិចលង់។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅក្បែរស្ពានអាកាសព្រះមុនីវង្សនេះ បានលើកឡើងថា កាលពី
មិនទាន់មានការដ្ឋានស្ពានអាកាសព្រះមុនីវង្សនេះ ភូមិដ្ឋានរបស់ពួកគាត់ ត្រូវបានទប់ ទំនប់ការពារតែខណៈដែល ការដ្ឋានស្ថាបនាស្ពានអាកាសព្រះមុនីវង្សនេះបានដំណើរការ ក្រុមការងាររបស់ការដ្ឋានបានកាយទំនប់ដែលទប់ទឹកនោះចេញអស់ ធ្វើអោយទឹក
ភ្លៀងហូរចូលភូមិដ្ឋានរបស់គាត់ ថែមទាំនាំទាំងម្ទេចថ្មរបស់ការដ្ឋាន ចូលទៅជាមួយថែមទៀត ។ ពាក់ព័ន្ធ
ករណីនេះ ពួកគាត់ស្នើឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីពាក់ព័ន្ធជួយដោះស្រាយជូនពួកគាត់ផង ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដ្ឋានក្បែរការដ្ឋានស្ពានអាកាសព្រះមុន្នីវង្សនេះទីតាំងនេះ មានស្ថានភាពទាប ខ្លាំង ដែលងាយនឹងទទួលរងការលិចលង់។ ប៉ុន្តែទោះបីជាយ៉ាងក្តី មន្ទីរនឹងដាក់ក្រុមការងារបច្ចេកទេសចុះទៅពិនិត្យជាក់ស្ដែង និងរិះរកគ្រប់វិធី ដើម្បីដោះស្រាយជូន ឬក៏អាច ប្រើប្រាស់ម៉ាស៊ីនបូមទឹកតែម្ដង។

លោកស្រី កែវ សុខពិសី បានលើកឡើងថា៖ វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន៨នាក់ស្មើនិង១៣បញ្ហានិងសំណើរជាលាយលក្ខណ៍អក្សរចំនួន១២ ច្បាប់ ហើយរាល់សំណើរនិងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានដោះស្រាយស្ទើរទាំងអស់ ។ចំពោះ សំណើរដែល ដោះស្រាយមិនទាន់បាន ក្រុមការងារនឹងចុះទៅសិក្សា ស្នើសុំគោលការ សម្រេចពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឬពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសំរាប់ខណ្ឌនីមួយៗដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំនិងការលើកជាសំណូមពររបស់ពួកគាត់។

លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។

លោកម៉ប់ សារិន បានបញ្ជាក់ថា៖ ការបង្កើតអោយមានវេទិកានេះឡើង គឺក្នុងគោលបំណង សំដៅធ្វើយ៉ាងណា អោយការគ្រប់គ្រងរាជធានី កាន់តែល្អប្រសើរ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ។ សម្រាប់ផែនការ អភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ យើងបាន
ដាក់ចេញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញ ជូនប្រជាពលរដ្ឋអោយបានដឹង បានឭ និងឃើញតាមរយៈរបាយការណ៍ដែលបានចែកជូន នៅក្នុងវេទិកានេះហើយ ។ ការធ្វើបែបនេះ គឺដើម្បីអោយប្រជាពលរដ្ឋដែលជាម្ចាស់របស់រាជធានីភ្នំពេញដែរនោះ បានចូលរួម ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចំរើន និងស្របទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង