រុស្ស៉ី បង្កើនការវាយលុកលើទីក្រុង Avdiivka និង Kherson របស់អ៊ុយក្រែន
(មូស្គូ)៖ កងកម្លាំងរុស្ស៉ី ដែលកំពុងទប់ទល់នឹងប្រតិបត្តិការវាយបករបស់អ៊ុយក្រែនរយៈពេល ៤ខែមកនេះ បានបង្កើនការវាយលុកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ទៅលើទីប្រជុំជននៃទីក្រុង Avdiivka នៅឯភាគខាងកើត និងបាញ់ផ្លោងកាន់តែខ្លាំងលើទីក្រុង Kherson នៃភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។
អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងក្នុងរបាយការណ៍មួយថា កងកម្លាំងរបស់ខ្លួន បានវាយឆ្លើយតបចំពោះវាយប្រហារជិត ២០លើករបស់រុស្ស៉ី ជុំវិញទីក្រុង Avdiivka ដោយអគារយ៉ាងច្រើននៅទីនេះត្រូវបានបំផ្លាញខ្ទេចខ្ទី។ ការវាយប្រហារតាមអាកាសរបស់រុស្ស៉ី ក៏បានត្រូវចំភូមិក្បែរនោះផងដែរ។
នៅឯទីក្រុង Kherson អភិបាលតំបន់ លោក Oleksandr Prokudin បាននិយាយថា ភូមិជាច្រើនបានរងនូវការបាញ់ផ្លោង ដូចជាទៅលើសេវាដឹកជញ្ជូន និងកន្លែង ផលិតអាហារ។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យ ពីភាគីណាមួយបានទេ។
គួរបញ្ជាក់ថា រុស្ស៉ី បានកំណត់គោលដីលើទីតាំងឧស្សាហកម្មនៅភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីបរាជ័យនៅទីក្រុងកៀវ កាលពីដើមដំបូងនៃការឈ្លានពាន ហើយកងកម្លាំងរបស់ខ្លួនបានព្យាយាមឈរជើងនៅក្នុងទីតាំងមួយចំនួននៃតំបន់ Kherson ក្រោយបោះបង់ចោលទីប្រជុំជនដ៏សំខាន់មួយនៅក្នុងតំបន់នោះ កាលពី ចុងឆ្នាំ២០២២៕