ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរ កងកម្លាំងនិងមន្ទីរពាក់ព័ន្ធចុះពិនិត្យទីតាំងរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មុនការបើកសម្ពោធ

125

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នារសៀលថ្ងៃទី២៣ តុលានេះបានដឹកនាំ អាជ្ញាធរ កងកម្លាំងនិងមន្ទីរពាក់ព័ន្ធចុះពិនិត្យទីតាំងរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ខណៈដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធមន្ទីរពេទ្យជាតិដ៏ធំនេះជាផ្លូវការ នៅព្រឹកថ្ងៃ ទី២៤តុលា ស្អែកនេះ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ហើយក្នុងពិធីសម្ពោធជាផ្លូវការនាថ្ងៃស្អែកនេះ នឹងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមប្រមាណ៣ពាន់នាក់។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដឡើយដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»។

គួរបញ្ជាក់ថា៖ មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ ,អគារសម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល
ជាមួយនិងអគារបច្ចេកទេស (T) មានចំណតរថយន្ត (P) សួនច្បារ (G3) អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ហើយអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltdសហការជាមួយសាលារាជធានីភ្នំពេញ ដែលមានគ្រែអ្នកជម្ងឺជិត១ម៉ឺនគ្រែ ។

ពាក់ព័ន្ធនឹងពិធីបើកសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាពខាងលើនេះ កាលពីថ្ងៃទី១៩ ខែ តុលាឆ្នាំ២០២៣កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ គឺមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ មហាវិថីឈ្នះឈ្នះចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រលឹមតទៅ រហូតដល់កម្មវិធីត្រូវបានបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង