សម្ដេចធិបតីចាត់ទុកវិសាលភាពទូទាំងប្រទេស នៃមូលនិធិសមធម៌សុខាភិបាល ថាជាការបែងចែកផលលាភដល់ដៃពលរដ្ឋ
ភ្នំពេញ ៖ ពីវេទិកាអធីបតី នៃពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញក្ដីរីករាយចំពោះវិសាលភាពនៃការអនុវត្តបានទូទាំងប្រទេស នូវ មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ។
សម្ដេចបានរម្លឹកដោយទាញការកត់សម្គាល់ជូនអង្គពិធីថា«គ្រាន់តែក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលទទួលការគាំពារដោយមូលនិធិសមធម៌ និងបានប្រើប្រាស់សេវានេះ មានជាង១៤លានករណី ក្នុងនោះមានសំរាកពេទ្យមានជា៨១ម៉ឺនករណី។ ខ្ញុំបានចុះទៅតាមបណ្ដារាជធានី ខេត្តជាច្រើន ខ្ញុំជួបជាមួយលោកតា លោកយាយ អ៊ំ ពូមីង តាមខេត្ត កន្លែងខ្លះ ខ្ញុំសួរទៅ គាត់ថាពេលឈឺ គាត់ទៅពេទ្យ គាត់មានបណ្ណសមធ៌ អត់ចេញលុយទេ ព្រោះមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បញ្ហាសុខភាព និងជីវភាពរស់នៅ គឺជាតម្រូវការរបស់ប្រជាជន។ សម្ដេចធិបតី បានថ្លែងយ៉ាងដូច្នេះ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។
តើកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧មានអ្វីខ្លះ?
កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះ រួមមាន៖
កម្មវិធីទី១. ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយចាប់ផ្តើមពី (១). ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១.៥ លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល (២). ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំងសុខភាព។
កម្មវិធីទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណជាង ១,៥ លាននាក់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។
កម្មវិធីទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣ លាននាក់។
កម្មវិធីទី៤. ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការតាមរយៈ (១). ការផ្តល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និង(២). ការផ្តល់ការគាំពារសង្គមដល់បុគ្គលស្វ័យនិយោជន៍ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្តោតការយកចិត្តទុកដាក់ជាបឋមលើការផ្តល់សេវាថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។
កម្មវិធីទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។
កម្មវិធីទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងយកចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ដើម្បីរក្សាកម្លាំងរបស់កសិករក្នុងការផលិត ក៏ដូចជា ការតថ្លៃជាមួយអ្នកទទួលទិញ។
គួរកត់សម្គាល់ថានិធិសមធម៌សម្រាប់គ្រួសារក្រីក្រ បានចាប់ផ្ដើមអនុវត្តដំបូងនៅឆ្នាំ២០០០ ហើយបន្តពង្រីកជាបន្តបន្ទាប់ដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេសនាឆ្នាំ២០១៥។ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ថាមូលនិធិនេះ បានពង្រីកការគ្រប់ដណ្ដប់លើគោលដៅប្រជាជន ដោយកំណត់តាមប្រព័ន្ធកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទុកជាមុនរបស់ក្រសួងផែនការ រួមមាន គ្រួសារក្រីក្រ ចំនួន៧៧៩ ៥១៤គ្រួសារ ស្មើនឹងជាង ៣លាន ២សែននាក់។
សម្ដេចធិបតី បានចាត់ទុកវិសាលភាព នៃការអនុវត្តយន្តការនេះថាជាផ្នែកមួយនៃការបែងចែកផលលាភជូនដល់ដៃប្រជាពលរដ្ឋ និងចាត់ទុកការងារនេះជាការអាទិភាពដែលត្រូវពង្រីកបន្តទៀត៕