ប្រជាពលរដ្ឋក្នុងខណ្ឌទួលគោកសំណូមពរឲ្យអាជ្ញារធររាជធានីមេត្តាដោះស្រាយបញ្ហាសំរាមនិងចុះសណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌទួលគោក បានសំណូមពរអោយអាជ្ញាធររាជធានី ត្រូវធ្វើការដោះស្រាយបញ្ហាសំរាម និងចុះមករៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ដោយសារថា អាជីវករ និងអ្នកធ្វើអាជីវកម្មមួយចំនួន មិនបានគោរពទៅតាមការណែនាំនោះទេ ជាពិសេសនៅតំបន់ផ្សារដើមគរ។
ការសំណូមពរបែបនេះរបស់ប្រជាពលរដ្ឋនៅខណ្ឌទួលគោក បានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី២ ជាមួយប្រជាពលរដ្ឋជាង៥០០នាក់របស់ខណ្ឌទួលគោក នៅមហោស្របចេនឡា នៅថ្ងៃទី២៥ ខែតុលានេះ ។
ប្រជាពលរដ្ឋបាននិយាយត្រង់ៗថា បញ្ហាសំរាម និងសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ឬនៅតាមផ្សារបច្ចុប្បន្ន គឺមិនមានភាពល្អនោះទេ ដោយសារអាជីវករ ឬអ្នកធ្វើអាជីវកម្មមួយចំនួន ដូចជាអ្នករត់កង់បី និងប្រជាពលរដ្ឋមួយចំនួនមិនបានគោរពតាមការណែនាំរបស់សាលារាជធានី ឬសាលាខណ្ឌ សង្កាត់នោះទេ ក្នុងការដាក់ទុកសំរាម និងចតយានយន្ត។
លោក អឿង សុភ័ណ្ឌ អាយុ៦០ឆ្នាំ រស់នៅក្នុងសង្កាត់បឹងសាឡាង បានលើកឡើងថា នៅជុំវិញផ្សារដើមគរ និងផ្សារនាគមាស ការទុកដាក់សំរាម នៅតាមផ្ទះ តែរថយន្តក្រុមហ៊ុនប្រមូលសំរាម មានការយឺតយ៉ាវក្នុងការមកប្រមូល និងបញ្ហាការចតឡាន នៅជុំវិញផ្សារមិនមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ពេលអ្នកឆ្លងកាត់ផ្លូវផ្សារ ម្តងៗគឺមានការកកស្ទះជាប្រចាំ។
ប្រជាពលរដ្ឋរូបនេះបន្តថា សណ្តាប់ធ្នាប់តាមផ្លូវមហាវិថីម៉ៅសេទុង នៅចំណុចផ្សារដើមគរវិញ គឺមានកកស្ទះជាប្រចាំដោយសារអ្នកលក់ ភាគច្រើនយកចិញ្ចើមផ្លូវសាធារណៈដាក់លក់ទំនិញផ្ទាល់ខ្លូន ដែលបណ្តាលមានការប៉ះពាល់ ចំណែកអ្នកចតរថយន្តវិញ មកចតនៅលើផ្លូវតែម្តង។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ ថា “បញ្ហាការលើកឡើងរបស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីបានទទួលស្គាល់វាកើតឡើងពិតមែន តែយ៉ាងណាបញ្ហានេះ មានភាពប្រសើរឡើងវិញហើយ តែយ៉ាងណាអាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរមូលដ្ឋាន កំពុងខិតខំ ដោះស្រាយជូន។ ប៉ុន្តែទន្ឋឹមនឹងការដោះស្រាយ នូវបញ្ហាសំរាមនេះ ក៏ទាមទារ ឲ្យមានប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ទុកដាក់សំរាម និងវិចខ្ចប់ឲ្យបានត្រឹមត្រូវ និងមិនត្រូវបោះ ឬយកសំរាម ទៅដាក់មាត់លូ និងប្រឡាយ ដែលអាចបង្កឲ្យស្ទះលូនោះទេ”។
លោកបានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផងដែរ ដោយបានបង្កើត ភ្នាក់ងារអនាម័យ ២នាក់ ក្នុងមួយខណ្ឌ ដែលជាភ្នែកជាច្រមុះ ដើម្បីតាមដាន ការទុកដាក់សំរាម និងការប្រមូលសំរាម របស់ភ្នាក់ងារស៊ីនទ្រី និងដើម្បីពន្លឿនដល់ការផ្តល់ព័ត៌មាន ក៏ដូចជាដោះស្រាយ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព ។
លោកហួត ហៃ លើកឡើងថា រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងចាត់វិធានការក្តៅ ចំពោះម្ចាស់លំនៅដ្ឋានរស់ស្របតាមផ្លូវសំខាន់ៗ ដែលរំលោភចិញ្ចើមផ្លូវ យកមកតាំងលក់ទំនិញផ្ទាល់ខ្លួន ឬធ្វើចំណតផ្ទាល់ខ្លួន នឹងមានវិធានការក្តៅ ដើម្បីអោយពួកទុកចិញ្ចើមផ្លូវសំរាប់អ្នកថ្មើជើងឡើងវិញ។ ប្រសិនបើពួកគាត់មិនព្រមគោរពតាមការណែនាំទេ នឹងឈានទៅដល់ការបិទអាជីវកម្មទាំងស្រុងតែម្តង ជាពិសេសលើផ្លូវទាំង១១ខ្សែដែលផែនរំដោះចិញ្ចើមផ្លូវរបស់ក្រុងនោះ។ ផ្លូវសំខាន់ៗទាំង១១ខ្សែនោះមានផ្លូវ ព្រះនរោត្តម ព្រះមុន្នីវង្ស កម្ពុជាក្រោម ម៉ៅសេទុង មុន្នីរ៉េត សាឌឺហ្គោល សហព័ន្ធរុស្ស៊ី ពេទផន ផ្លូវ២៧១ ព្រះសីហនុ និងផ្លូវសុធារស។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក មានប្រសាសន៍ថា បញ្ហាប្រឈមទាំងនេះ គឺអាជ្ញាធរខណ្ឌបានចុះធ្វើជាប្រចាំដែរ តែបន្ទាប់ពីសមត្ថកិច្ចវិលទៅវិញ សកម្មភាពសណ្តាប់ធ្នាប់បានវិលមកសភាពដើមវិញ។ ដោយលោកបញ្ជាក់ថា ប្រៀបដូចវែកចកអញ្ជឹងដែរ។ យ៉ាងណាក៏ដោយ លោក ប្តេជ្ញាថានឹងបន្តចុះរៀបចំអោយបានល្អទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ៕










