ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺមានន័យថា កម្ពុជាគ្មានទុកជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ

50

 

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ(Exceed Worldwide) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ។
កិច្ចជំនួបនោះ ក៏មានការចូលរួមផងដែរពី លោក Marc Zlot នាយកអង្គការ ICRC និងលោក ទៀប ឧត្តម ប្រធានសមាគម KhAPO។

លោក Carson Harte បានសម្តែងនូវការអបអរសាទរជូនចំពោះអាជ្ញាធរមីន ដែលបានទទួលជោគជ័យក្នុងការរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន ថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះ លោក Carson Harte បានលើកឡើងអំពីសកម្មភាពមួយចំនួនរបស់មជ្ឈមណ្ឌល ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេលជិត ២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៩ ក្នុងការស្តារកាយសម្បទា ការបណ្តុះបណ្តាល និងការលើកកម្ពស់គុណភាពជីវិតដល់ជនមានពិការភាពរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ លោក Carson Harte ចង់ឃើញជនរងគ្រោះថ្នាក់កម្ពុជា រួមទាំងក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវការថែទាំបីបាច់កាន់តែប្រសើរឡើង។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ មជ្ឈមណ្ឌល Exceed Worldwide អង្គការ ICRC និងសមាគម KhAPO ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា រយៈពេលជាង ៣០ឆ្នាំនេះ កិច្ចការបោសសម្អាតមីននៅកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍វាយតម្លៃខ្ពស់ និងទទួលបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាគ្រោះថ្នាក់បានយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនោះ កិច្ចការសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់មួយផងដែរ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងជនមានពិការភាព គ្រួសារ និងសហគមន៍ ហើយការបញ្ចូលកិច្ចសង្គ្រោះជនរងគ្រោះ ចូលទៅក្នុងគោលនយោបាយ និងផែនការជាតិ ព្រមទាំងក្របខ័ណ្ឌច្បាប់នានា គឺដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានសិទ្ធិ និងការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺមានន័យថា កម្ពុជាគ្មានទុកជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង