ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្ត​ ចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា

37

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minebea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minebea នាឱកាសនេះ និងបានរំឭកផងដែរអំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា ៕

អត្ថបទដែលជាប់ទាក់ទង