ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

90

 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈ ចំនួន ៤ ដូចខាងក្រោម៖

១- សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជា្ញធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មាន៦ជំពូក និង២២មាត្រា និងបានកំណត់អំពីការបង្កើត ការរៀបចំ និងកិច្ច ដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយ វិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅ
តាមសាលាជម្រះក្តី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ រាល់ដំណោះស្រាយវិវាទត្រូវតែគោរពតាមឆន្ទៈយល់ព្រមដោយសេរី និងដោយស្ម័គ្រចិត្ត ពីភាគីវិវាទ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរកាត់ថា អ.ដ.ក. នឹងត្រូវបង្កើតឡើងដើម្បីដោះ ស្រាយក្រៅប្រព័ន្ធតុលាការ នូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួល ផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួល យកយន្តការសម្រុះសម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុ នៃការសម្រុះសម្រួលផ្សះផ្សាតាម កំណត់របស់ច្បាប់។ អ.ដ.ក. មានសមាសភាព ឧបនាយករដ្ឋមន្ត្រី ១រូប ជាប្រធាន អមដោយអនុប្រធាន ៤រូប (ទេស រដ្ឋមន្ត្រី ១រូប រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ១រូប) និងមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយមាន អគ្គលេខាធិការដ្ឋាន មួយជាសេនាធិការ។

ក្នុងសេចក្តីថ្លែងហេតុជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ព្រះរាជក្រឹត្យ នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តមួយដ៏សំខាន់សម្រាប់ពង្រឹង និងលើកកម្ពស់ ប្រសិទ្ធភាព នៃការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋ ជាពិសេសវិវាទនៅមូលដ្ឋានឱ្យបានកាន់ត ឆាប់រហ័ស និងប្រកបដោយជំនឿចិត្ត។ ឯកឧត្តម បានគោរពស្នើសុំ សម្ដេចធិបតី ចាប់ផ្តើមធ្វើយុទ្ធនាការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការជាបន្ទាន់ បន្ទាប់ពីត្រូវបានបង្កើតចេញជារូបរាង។

ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្តីព្រាងព្រះរាជក្រឹត្យនេះដែរ សម្ដេចធិបតី បានគូសបញ្ជាក់ថា យន្តការនេះមិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ពុំមាន ការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការ ធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីយន្តការថ្មីនេះ និងបានសម្រេចប្រគល់ភារ កិច្ចជូនទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំនីតិវិធីបន្តដើម្បីបញ្ជូន សេចក្តីព្រាងព្រះ រាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីទ្រង់ពិនិត្យ និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើទុកជាការប្រញាប់។

២- សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គង ឆ្នាំ២០២៤
សេចក្តីព្រាងច្បាប់នេះមាន ៥ជំពូក និង១៤មាត្រា និងត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បន្តទទួលបាននូវទំនុកចិត្តដ៏ច្រើនលើសលប់ចេញពីឆន្ទៈរបស់ប្រជាជន កម្ពុជាទូទាំងប្រទេស ក្នុងការដឹកនាំប្រទេសជាតិសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀត។ នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល ក្នុងនោះ ថវិកាចំណាយនៅថ្នាក់ជាតិ ឆ្នាំ២០២៤ មាន ចំនួន ៣៤ ៤៩៧ ប៊ីលានរៀល ត្រូវជា ២៤,១៣% នៃ ផ.ស.ស. ថយចុះ ៥,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិ មានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៧% ន ចំណាយថវិការដ្ឋសរុប ត្រូវជា ៣,០៣% នៃ ផ.ស.ស. កើនឡើង ៦,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣។ ជាការកត់សម្គាល់ សម្រាប់ឆ្នាំ២០២៤ វិស័យសង្គមកិច្ចនៅតែជាអទិភាពក្នុងការចំណាយ ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។

ថវិកាឆ្នាំ ២០២៤ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ សម្រាប់ឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបនឹងបញ្ហា ប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាន នៃការអនុវត្ត គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ មនុស្ស សមត្ថភាព ស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាច ប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្ត្រ នៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះ ថ្មីៗ ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថាក្របខណ្ឌថវិកាឆ្នាំ២០២៤ ជាកត្តាកំណត់ នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបានស្នើស្ថាប័នទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយ សម្ដេចធិបតី បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយរបស់រាជរដ្ឋាភិបាល ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

៣- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ សេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ មាន ៣ជំពូក និង ២២មាត្រា។ ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរៀបចំ និងអនុវត្តដោយតម្រង់ការប្រើប្រាស់ធនធាន លើការបន្ត ប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ-19 តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់ និរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋមិនឱ្យរាំងស្ទះ ជាពិសេសការស្តារជីវភាពប្រជាជន និងការស្ដារកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ ក៏ដូចជាសម្រេចឱ្យបាននូវនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។ នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្នុង អត្រា ៥,២% ដោយរក្សាបានស្ថិរភាព នៃតម្រូវការសាកល ល្អជាងការរំពឹងទុក បើទោះបីជាទទួលរងផលប៉ះពាល់ ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។ ការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា បានឆ្លុះបញ្ចាំងតាមរយៈស្ថានភាព ល្អប្រសើរ នៃវិស័យបម្រើឱ្យការនាំចេញ ជាពិសេសអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ១ ៦៥៩ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ដល់ប្រមាណ ១ ៧៨៨ ដុល្លារ អាម៉េរិក ក្នុងឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់បានឱ្យដឹងថានៅឆ្នាំ២០២២ ចំណូលថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្ត បានចំនួន ៣៧២៦៤ ៧៩១,៧ លានរៀល ស្មើនឹង ៣០,៨០% នៃ ផ.ស.ស. ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៦,២%។ ចំណែកការអនុវត្តចំណាយវិញ នៅឆ្នាំ២០២២ ការចំណាយថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន ៣២ ៣៧៥ ៨៦៤,៤ លានរៀល ស្មើនឹង ២៦,៧៦% នៃ ផ.ស.ស. ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន ៨,៨%។

៤- សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ច គប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមី រ៉ាតអារ៉ាប់រួម
សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរៀបចំឡើងចំនួន ៣មាត។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ រវាងរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាព ក្នុងការ ធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ទាក់ទាញទីផ្សារពីតំបន់បង្ឈឹមបូព៌ា អាហ្វ្រិកខាងជើង ព្រមទាំងជួយជំរុញនិងទាក់ទាញក្រុមហ៊ុនវិនិយោគ និងភ្ញៀវទេសចរពីអេមីរ៉ាតអារ៉ាប់រួម មកកាន់កម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង