លោក ឃ្លាំង ហួត ៖ សំណើ និងសំណូមពរផ្ទាល់មាត់ របស់ប្រជាពលរដ្ឋ យើងបានស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗ ដោយអោយអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការដោះស្រាយ
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វាជាង១០នាក់បានស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ជាង១០ករណី ដែលពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់ ការសុំស្ថាបនាផ្លូវ ដោះស្រាយវិវាទនៅក្នុងសាលា ករណីបាត់គោនិងការសុំបង្គ្រាបល្បែងស៊ីសងជាដើម។
ការលើកឡើងជាសំណើរនិងសំណូមពរ ខាងលើនេះបានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមវត្តមានជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងផ្សារOCIC ខណ្ឌជ្រោយចង្វា ។
វេទិកានេះ ប្រជាពលរដ្ឋបានសំណូមអោយជួយដោះស្រាយ រឿងមន្ទីរដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីរាជធានីភ្នំពេញចេញប្លង់រឹងអោយហើយ ពួកគាត់យកទៅបង់ព័ន្ធ ខាងពន្ធដាថា មិនត្រឹមត្រូវ ។ពលរដ្ឋសូមជួយដោះស្រាយបញ្ហាលិចលង់ភូមិដ្ឋាន។សូមជួយអន្តរាគមន៍ធ្វើប្លង់រឹងស្របច្បាប់។ ពលរដ្ឋអ៊ីស្លាមសូមចតទូកអោយបានសមរម្យ ។ អ្នកគ្រូនៅវិទ្យាល័យព្រែកលាបសូមដោះស្រាយបញ្ហានៅក្នុងសាលា រឿងសាលាជំនន់ថ្មីនិងជំនន់ធម្មតា មិនមានតម្លាភាពជាមួយគ្នា សូមជួយអន្តរាគមន៍រឿងបាត់គោ ដែលចោរយកទៅកាប់សាច់។ សូមស្ថាបនាផ្លូវ សូមដកបង្គោលភ្លើងនៅកណ្តាលទ្រូងផ្លូវនិងការសូមការបង្គ្រាបល្បែងស៊ីសងនៅក្នុងភូមិជាដើម។
រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបានលោក ឃ្លាំង ហួត និងប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញធ្វើការស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។
លោក ឃ្លាំង ហួត បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះមានពលរដ្ឋចូលរួមសរុប ចំនួន៥៣៩នាក់ ស្រី ១៣៦នាក់ ផ្ទាល់មាត់ ចំនួន ១៤នាក់ ស្មេី ១៦ បញ្ហា និងជាលាយល័ក្សអក្សរចំនួន២៦ច្បាប់ ។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ យើងបានស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗ ដោយអោយអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញពាក់ព័ន្ធចុះធ្វើការដោះស្រាយ ។ ចំពោះសំណើរសុំកសាងហេដ្ឋាចរនាសម្ព័ន្ធខ្លះដែលត្រូវប្រើប្រាស់ថវិកាច្រើន លោកសូមអោយបងប្អូនរងចាំសិន នៅពេលមានថវិកាគ្រប់គ្រាន់ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញនឹងកសាងជូនភ្លាម។ ដោយឡែកចំពោះ ការស្នើសុំបង្គ្រាបល្បែងស៊ីសងនៅក្នុងភូមិ ករណីនេះលោកសូមអោយកម្លាំងប៉ូលីសខណ្ឌនិងកងរាជអាវុធហត្ថត្រូវចុះបង្ក្រាបភ្លាមៗ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ៕