ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកោះហៅអធិការរងនគរបាលស្រុកភ្នំស្រួច និង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង មកសាកសួរ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

92

 

ព្រះសីហនុ ៖ តំណាងអយ្យការអមសាលាខេត្តព្រះសីហនុនៅថ្ងៃទី៣០តុលា២០២៣ បានបញ្ជាអោយលោកអធិការរងនគរបាលស្រុកភ្នំស្រួច និងមេប៉ុស្តិ៍ត្រែងត្រយឹង ចូលខ្លួនបំភ្លឺ ករណីទទួលផលគ្រឿងញៀន ជាមួយប៉េអឹមទាំង៦នាក់ ដែលបានឃាត់ខ្លួនប៉ុន្មានថ្ងៃមុននេះ។

អធិការរងនគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក ផែន ប្រុស និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច លោក សែម វុឌី ត្រូវបានមន្រ្តីអាវុធហត្ថហៅទៅសួរនាំ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាខេត្តព្រះសីហនុ សង្ស័យពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន។

ការចាប់ខ្លួនមន្រ្តីនគរបាលខេត្តកំពង់ស្ពឺ២នាក់នេះ បានធ្វើឡើង ក្រោយមន្រ្តីអាវុធហត្ថ៦នាក់ ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។

ដោយឡែកនគរបាលមួយចំនួននៅតាមខេត្ត ក៏បានធ្វើតេស្តរកឃើញសារធាតុញៀននៅក្នុងខ្លួនផងដែរ ហើយកំពុងរៀបចំណាត់ការតាមផ្លូវច្បាប់ផងដែរ។

សូមរំលឹកផងដែរថា លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជា ការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ ៤រូបទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួល ផលបទល្មើសគ្រឿងញៀន។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តម សេនីយ៍ត្រីអេង ហុី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ,មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តម សេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖

១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ ព័ន្ធមួយចំនួន។ កម្លាំងជំនាញក៏បានពន្លាតដែនសមត្ថ កិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។

២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន ០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។

៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។

៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។

៥- ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិស ស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕

អត្ថបទដែលជាប់ទាក់ទង