ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ កៀរសម្រួលកំណាត់ផ្លូវជាតិលេខ៩៥ តភ្ជាប់ចរាចរណ៍រវាងស្រុកឆែប និងស្រុកជ័យសែន

111

ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩៥ តភ្ជាប់ចរាចរណ៍រវាងស្រុកឆែប និងស្រុកជ័យសែន ត្រូវបានក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពកៀរសម្រួល ក្រោយពីកាត់ផ្ដាច់ដោយសារទឹកភ្លៀងនាពេលកន្លងមក។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ ៩៥ដែលត្រូវកៀរសម្រួលឡើងវិញនេះ មានប្រវែងជាង ១១គីឡូម៉ែត្រ ជាផ្លូវដីក្រហម ដែលតភ្ជាប់រវាងស្រុកឆែប ទៅកាន់ស្រុកជ័យសែន ខេត្តព្រះវិហារ។ ការងារនេះ គឺក្រុមការងារ ត្រូវការពេលប្រហែល ៣ថ្ងៃ ដើម្បីអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងកសិផល បានស្រួលឡើងវិញ។

   លោកបញ្ជាក់ថា៖ ផ្លូវជាតិលេខ ៩៥ មានប្រវែងសរុប ៧៩, គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ទីរួមស្រុកឆែបទៅកាន់ផ្លូវជាតិលេខ៦២ ភ្នំដែក ស្រុករវៀង។ ផ្លូវនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅស្រុកចំនួន គឺស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ក្នុងការធ្វើដំណើរផង និងដឹកកសិផលក្នុងស្រុក ដូចជា ស្រូវ ពោតសណ្តែក និងដំឡូង ទៅកាន់ទីផ្សារផងដែរ។ ក្រៅពីនេះ ផ្លូវនេះ ជាផ្លូវតភ្ជាប់ពីខេត្តស្ទឹងត្រែង មកភ្នំដែក ស្រុករវៀងដែលអ្នកធ្វើដំណើរ មិនចាំបាច់ឆ្លងកាត់ទីរួមខេត្តព្រះវិហារនោះទេ។
 
លោក សំ លាងទ្រី បានឱ្យដឹងបន្ថែមថា កំណាត់ផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងដែលបានកៀរសម្រួលឡើងវិញនេះ មានប្រវែងជាង ១១គីឡូម៉ែត្រ ជាផ្លូវដីក្រហម ខណៈផ្លូវកៅស៊ូ ចំនួន ៣គីឡូម៉ែត្រ ទៀតក្រុមការងារ នឹងបញ្ចប់ការសាងសង់នៅមុខពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤៕

 

អត្ថបទដែលជាប់ទាក់ទង