ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការបង្ហាញនូវភាពរីកចម្រើនរបស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិនៅកម្ពុជា

66

សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ៧ ក្រោមប្រធានបទ ស្រមៃមើលឱកាស នារាត្រីថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិនៅកម្ពុជា ។
សម្ដេចកិត្ដិសង្ហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏ជាការជួបប្រជុំថ្នាក់តំបន់ មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ពិនិត្យវឌ្ឍនភាព និងទទួលដឹងឮពីសមិទ្ធផល ដែលសមាគមមិត្ត កាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានកន្លងមក លើការងារ ជួយ កុមារី យុវតី ស្ត្រីវ័យក្មេង នៅទូទាំងពិភពលោកឲ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យ អាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន តាមរយៈ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមជាមួយនឹងការពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្ត្រីគឺជាស្នូល៕. សំរិត

អត្ថបទដែលជាប់ទាក់ទង