អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ និងជនជាតិខ្មែរម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ សារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
បន្ទាយមានជ័យ ÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចកែងដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ជនសង្ស័យ ១-ឈ្មោះ ជូ ផាន់ណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អ៊ិនធើណែត បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ កុកកូសាន់ សុងស៊ិរី ហៅ នីវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំពោះសម្ភារៈវត្ថុតាងរួមមាន ៖-គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ខេ) ចំនួន ០២ថង់កិប ទម្ងន់ ១៨៤,២ក្រាម (មួយរយប៉ែត្រសិបបួនក្បៀសម្ភៃក្រាម),-កញ្ឆាក្រៀម ចំនួន ០២ថង់កិប ទម្ងន់ ៣១,៦ក្រាម (សាមសិបមួយក្បៀសប្រាំមួយក្រាម), -កាំភ្លើងខ្លី ចំនួន ០១ដើម (ម៉ាកBIRETTA លេខតួ៩៨៤៧៨១), -បង់កាំភ្លើងខ្លី ចំនួន ០១បង់, -គ្រាប់កាំភ្លើង ចំនួន ៤០គ្រាប់, -សំបកគ្រាប់ ចំនួន ០៣គ្រាប់, -ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកIPhone 14Pro Max ពណ៌ខ្មៅ), -ខ្សែកលោហៈធាតុ ពណ៌លឿង មានបណ្តោងបី ចំនួន ០១ខ្សែ ប្រវែង ៦៦ស.ម។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងចាប់យកវត្ថុតាង មកកាន់មូលដ្ឋានអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយរួមនិងមានវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆកា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី៕