ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ ក្រុមខ្មាន់កាំភ្លើង ដែលបានជិះរថយន្តបំបុកសមត្ថកិច្ច និងបាញ់ជាច្រើនគ្រាប់ដើម្បីរំដោះខ្លួននៅក្រុងសៀមរាប

47

ភ្នំពេញ៖ ក្រុមខ្មាន់កាំភ្លើងដែលបានជិះរថយន្តបុកសមត្ថកិច្ច និងបាញ់ជាច្រើនគ្រាប់ដើម្បីរំដោះខ្លួនពីការតាមចាប់របស់សមត្ថកិច្ចនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន មានចំនួន ៦នាក់ និងរថយន្តចំនួនពីរគ្រឿង រួមទាំងវត្ថុតាង ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខាងជើងរង្វង់មូលផ្លូវ ៦០ម៉ែត្រ ក្រុមទី៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ ឈ្មោះ ខូ អេងលី ភេទប្រុស អាយុ៤២ឆ្នាំ ថា មានក្រុមជនសង្ស័យចំនួន១ក្រុម កំពុងឆបោកប្រាក់របស់ខ្លួន ដោយប្រើរូបភាពឱ្យយកប្រាក់ចំនួន ៥០០០ដុល្លារ ទៅដូរយកប្រាក់បាត ពីពួកគេចំនួន ១៧៧,៥០០បាត ដោយឱ្យជនរងគ្រោះចំណេញ៤០ភាគរយ។ ដោយមានការសង្ស័យជនរងគ្រោះបានប្តឹងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ។ ហើយក្រុមជនសង្ស័យបានដឹងខ្លួន និងបានបើករថយន្តសំដៅមកបំបុកកម្លាំងសមត្ថកិច្ច និងបានបាញ់ជាច្រើនគ្រាប់ទៅលើសមត្ថកិច្ចថែមទៀត។

សមត្ថកិច្ចបានដេញតាមឃាត់រថយន្តរបស់ជនសង្ស័យចាប់ពីចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប មកដល់ចំណុចមុខផ្សារពួក ដោយសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងនគរបាលអន្តរាគមន៍ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៦នាក់ និង រថយន្ត ចំនួន០២គ្រឿង។

ជនសង្ស័យទាំង ៦នាក់នោះរួមមាន៖

១. ឈ្មោះ អ៊ឹង វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប ។

២. ឈ្មោះ អ៊ឹង លីហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។

៣. ឈ្មោះ ឈឹម សុភ័ណ្ឌ អាយុ ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិសែសិន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

៤. ឈ្មោះ ព្រឹល តន ហៅហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិបន្ទាយទី២ ឃុំអូរសំពរណ៍ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង ។

៥. ឈ្មោះ ជាម ដា ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបរ លក់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។

៦. ឈ្មោះ ជី តាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គក់ជេរថយន្ត ទីលំនៅបច្ចុប្បន្នភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង០៦នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង