ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម

95

 

ព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធករណី ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងធ្វើឲ្យខូចខាតដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម) ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញរបាយការណ៍ថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានទទួលបណ្ដឹងពី ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ប្តឹងពាក់ព័ន្ធករណី ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងធ្វើអោយខូចខាតដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម) ។

ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ដោយមានការអនុញ្ញាតពីតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានចុះទៅចំណុចក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាទីតាំងកើតហេតុ ក្នុងនោះកម្លាំងជំនាញបាននាំខ្លួនមនុស្ស ចំនួន០២នាក់ មកសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមមាន៖ ១-ឈ្មោះ ខេង សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ ឡុញ សុខហេង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់អនឡាញ ទីលំនៅបច្ចុប្បន្នភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ព្រមទាំងវត្ថុតាង÷ ទូរស័ព្ទដៃ ចំនួន០៥គ្រឿង។

ក្រោយពីបានធ្វើការស្តាប់ចម្លើយរបស់ដើមបណ្តឹង ឯកសារភស្តុតាងទាក់ទងនឹងការកាន់កាប់លើទីតាំងដី ព្រមទាំងបានស្តាប់ចម្លើយសារភាព របស់ជនសង្ស័យទាំងពីរខាងលើ មានភាពស៊ីសង្វាក់គ្នាថា៖ ពួកខ្លួនពិតជាបានយកគ្រឿងចក្រ ទៅវាយកម្ទេចរបងនៅទីតាំងកន្លែងកើតហេតុនោះ ពិតប្រាកដមែន និងបានសាងសងរបងថ្មីលើទីតាំងខាងលើផងដែរ ហើយពួកខ្លួនធ្វើតាមការបញ្ជា និងចង្អុលបង្ហាញពីមេរបស់ខ្លួនឈ្មោះ ហង្ស បូរី ភេទស្រី ជនជាតិខ្មែរ និងឈ្មោះ ហោ សុខជា ភេទប្រុស ជនជាតិខ្មែរ ហើយការវាយនេះពួកខ្លួនពុំមានឯកសារណាមួយ ដែលបញ្ជាក់ពីកម្មសិទ្ធរបស់ឈ្មោះ ហង្ស បូរី នោះទេ។

បន្ទាប់ពីបានស្តាប់ចម្លើយ ពិនិត្យឯកសារភស្តុតាង និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតែម្តង៕

អត្ថបទដែលជាប់ទាក់ទង