ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនសតវត្សរ៍ទី២១ គ្រូបង្រៀនចាំបាច់ត្រូវហ៊ានវិនិយោគ ចំណាយពេលសិក្សាស្រាវជ្រាវស្វែងយល់ និងអនុវត្តក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាលទី១

245

 

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង អមដោយវត្តមានថ្នាក់ដឹកនាំក្រោមឱវាទក្រសួង ក្រុមការងារពិសេសរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គណៈគ្រប់គ្រងបុគ្គលិកអប់រំ និងគរុនិស្សិតចូលរួមសរុប៣៨០នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់ នៅទូទាំងប្រទេសក្នុងនោះ កំណែទម្រង់សាលាគរុកោសល្យ គឺជាផ្នែកមួយដ៏សំខាន់ដើម្បីផលិតបាននូវគ្រូបង្រៀនឱ្យមានគុណភាពខ្ពស់ដែលចំពោះមុខក្រសួងអប់រំកំពុងផ្ដោតអាទិភាពលើ៦ចំណុច៖
១).ការកែលម្អកម្មវិធីបណ្ដុះបណ្ដាលនិងវិក្រឹតការគ្រូបង្រៀន
២).ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស
៣).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
៤).ការពង្រឹងភាពជាអ្នកដឹកនាំ
៥).ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ
៦).ការធានាគុណភាពអប់រំ។

ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ប្រកបដោយប្រសិទ្ធភាពសម្រេចបានស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា និងចក្ខុវិស័យ ដែលដាក់ចេញដោយ សម្តេចមហាបវរធិបតី ដោយប្រែក្លាយសាលារៀនក្លាយជាសាលារៀនគំរូ ប្រែក្លាយគ្រូបង្រៀនក្លាយជាគ្រូសតវត្សរ៍ទី២១។ ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនសតវត្សរ៍ទី២១ គ្រូបង្រៀនចាំបាច់ត្រូវហ៊ានវិនិយោគចំណាយពេលសិក្សាស្រាវជ្រាវស្វែងយល់ និងអនុវត្តក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាលទី១ ដឹកនាំដោយសម្តេចមហាបវរធិបតី បានបន្ថែមបច្ចេកវិទ្យា និងឌីជីថលជាមុំសំខាន់មួយទៀតដើម្បីឈានទៅរកកសាងសង្គមឌីជីថល។

ឆ្លើយតបនឹងបរិបទរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលវិទ្យាស្ថានបាន និងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់លើប្បញ្ញត្តិអប់រំ ក្នុងបរិបទសតវត្សទី២១ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ ក្នុងគោលដៅផលិតបាននូវគ្រូបង្រៀនប្រកបដោយគុណសម្បទាពេញលេញ សម្រាប់កសាងមូលធនមនុស្សប្រកបដោយសក្ដានុពល ឈានទៅសម្រេចចក្ខុវិស័យរបស់វិទ្យាស្ថាន “ជាគ្រឹះស្ថានអប់រំគ្រូបង្រៀនឈានមុខគេក្នុងសតវត្សទី២១“ និងដើម្បីសម្រេចកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថានឹងប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការរំពឹងទុកថា នៅបវេសនកាលឆ្នាំសិក្សាថ្មីនេះ គណៈគ្រប់គ្រងគ្រូឧទ្ទេស និងបុគ្គលិកទាំងអស់នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងដំណើរការបណ្ដុះបណ្ដាលឱ្យបានកាន់តែល្អប្រសើរឡើង ហើយគរុនិស្សិតទាំងអស់ដែលបាន និងកំពុងទទួលការបណ្ដុះបណ្ដាល នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ត្រូវខិតខំចាប់ឱកាសសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានចំណេះដឹងជំនាញ និងសមត្ថភាពខ្ពស់ដើម្បីរួមគ្នាបង្កើនគុណភាពនៃការអប់រំគ្រូបង្រៀននៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង