ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេងអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី នៅមុនស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រនឹងត្រូវ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

48

 

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នៅរសៀលថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន នៅមុនស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រនឹងត្រូវ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៥វិច្ឆិកាស្អែកនេះ ។

តាមគម្រោងដែលបានគ្រោងទុក ស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់កោះនរា និងកោះពេជ្រនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងសម្ពោធដាក់ឲ្យ ប្រើប្រាស់នូវសមិទ្ធិផល ដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើនដល់អ្នកប្រើប្រាស់សមិទ្ធិផលទាំងនោះ តែងប្រារព្វនូវពិធីនេះ។
ស្ពានបេតុងខ្សែកាប តភ្ជាប់កោះនរានិងកោះពេជ្រគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលបានកើតជារូវរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំអនុវត្តផ្ទាល់ដោយលោកឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ។
ស្ពាននេះ បានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមកកណ្តាលក្រុង រួមទាំងបងប្អូនអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ និងបានកាត់បន្ថយការកកស្ទះចរាចរមួយផ្នែកធំលើកំណាត់ផ្លូវជាតិលេខ១និងផ្លូវជាតិលេខ២ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។
ស្ពានបេតុងខ្សែកាបកោះនរា.កោះពេជ្រ សាងសង់ដោយក្រុមហ៊ុនOCIC មានប្រវែង៨២៤ម៉ែត្រ,ទទឹង ២៤ម៉ែត្រកន្លះ,ចែកចេញជា៤គន្លងគឺ២គន្លងសំរាប់រថ យន្ត,១គន្លងសំរាប់ម៉ូតូនិងមួយគន្លងទៀតសំរាប់អ្នកថ្មើជើងដែលបានបើកដំណើរការសាងសង់កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០ ដោយចំណាយលើការសាងសង់អស់ប្រមាណ៣៨លានដុល្លារ ។ ក្រៅពីការកាត់បន្ថយការកកស្ទះចរាចរ លើកំណាត់មហាវិថីព្រះនរោត្តម និងកំណាត់ផ្លូវជាតិលេខ១ ស្ពាននេះក៏បានបង្ក លក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័សព្រមទាំងលែងលំបាកឆ្លងសាឡាងដូចមុនទៀត៕

អត្ថបទដែលជាប់ទាក់ទង