ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ គៀង សាវុធ សុំចិត្តបកស័ក្តិ និងចូលពន្ធនាគារ បើរកឃើញថា រូបលោកនិងកូនប្រុស ពាក់ព័ន្ធករណីបាញ់បោះនៅចំការតែលើភ្នំគីរីរម្យ

133

គីរីរម្យ៖ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានចេញមុខបដិសេធថា រូបលោក និងកូនប្រុស (គៀង ចាន់តួ) មិនពាក់ព័ន្ធការបាញ់បោះនៅចំការតែលេីភ្នំគីរីរម្យ នោះទេ ហេីយបេីរកឃេីញថា រូបលោកនិងកូនពាក់ព័ន្ធក្នុងរឿងនេះ លោកនិងកូនប្រុសសុំចិត្តបកស័ក្តិ និងចូលពន្ធនាគារ ។

ការចេញមកអះអាងបែបនេះ បន្ទាប់ពីសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា រូបលោកនិងកូនប្រុសពាក់ព័ន្ធក្នុងការបាញ់បោះនៅចម្ការតែលេីភ្នំគីរីរម្យ ។

តាមរយៈសារសំឡេងដែលត្រូវបានផ្សព្វផ្សាយ តាមបណ្តាញតេឡេក្រាមនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ បានអះអាងថា “ការបាញ់បោះនៅចំការតែលេីភ្នំគីរីរម្យ មិនមានឈ្មោះ គៀង សាវុធ មិនមានឈ្មោះ គៀង ចាន់តួ ទេ ហេីយបេីតាមដានទៅឃេីញពិតប្រាកដ ខ្ញុំសូមអះអាងចំពោះមុខច្បាប់ថា ទី១. គឺទទួលខុសត្រូវចំពោះមុខច្បាប់ អាចបកស័ក្តិចេញទាំងពីរនាក់ឪកូន ។ ទី២. ចាប់ដាក់ពន្ធនាគារទាំងពីរនាក់ឪកូន”។
នាយឧត្តមសេនីយ៍ គៀង សាវុធ បានបន្តថា “រាល់ព័ត៌មានទាំងអស់ដែលចុះបំភ្លេីសការពិត សូមអោយកែតម្រូវឡេីងវិញក្នុងរយៈពេលមួយសប្តាហ៍បេីមិនដូច្នេះទេលោកនឹងប្តឹងទៅតាមផ្លូវច្បាប់ ។

ដោយឡែកសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានកំណត់មុខសញ្ញា ក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ។

ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ថា “កំណត់មុខសញ្ញាបាន កំពុងបន្តនិតិវិធី” ។

បើតាមការរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងការបំភ្លឺរបស់សាក្សីបានបង្ហាញថា ឈ្មោះ ឆាយ ជាអ្នកឈរកាន់កាំភ្លើងខ្លីបាញ់ឡើង។

ខាងក្រោមនេះជារបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កម្មវត្ថុ : ស្ដីពីការស្រាវជ្រាវករណី បាញ់បោះសេរី
ថ្ងៃទី១៣.១១.២០២៣ វេលាម៉ោង ០៨:០០នាទី ចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១.១១.២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ ។

តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំង ០២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុ ថានៅថ្ងៃទី១១.១១.២០២៣ វេលាម៉ោងប្រហែល១២:០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំង អោយគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា កំពុងសំរាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១:០០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានលឺសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកអោយតែម្ចាស់ផ្ទះអោយតែមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។

តាមការបំភ្លឺពីឈ្មោះ អ៊ុំ សាង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ(ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុំ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។

+វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន:
-សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់
-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់
-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។
ករណីខាងលើគណ:កម្មការ បានធ្វើការចាប់យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

 

 

អត្ថបទដែលជាប់ទាក់ទង