មួយខែនេះ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ឃាត់រថយន្តធំបានជិត៣០០គ្រឿង ដោយរកឃើញរថយន្តត្រឹមត្រូវតែជាង៨០គ្រឿងប៉ុណ្ណោះ
ខេត្តព្រះវិហារ៖ នៅក្នុងរយះពេលមួយខែកន្លងមកនេះក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ធ្វើការឃាត់រថយន្តធំៗ ដឹកទំនិញបានចំនួនជិត៣០០គ្រឿង ហើយ ក្នុងចំនួននេះ ក្រុមការងារ រកឃើញរថយន្តត្រឹមត្រូវតែជាង៨០គ្រឿងប៉ុណ្ណោះ ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា នៅក្នុងរយះពេលមួយខែកន្លងមក ពោលគឺចាប់ពីថ្ងៃ ពុធ ០២រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់ថ្ងៃ ព្រហស្បតិ៍ ០១រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២៨៩គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ៨៥គ្រឿងរថយន្តត្រូវបានកាត់ទ្រុង ចំនួន ០៤គ្រឿង សំពីងសំពោងចំនួន ៤៦ គ្រឿង ខ្វះឯកសារចំនួន ១០៤ គ្រឿង ឯកសារក្លែងក្លាយចំនួន ០៣ គ្រឿង ដោះរានខាងក្រោយចំនួន ១៦ គ្រឿង គ្មានបណ្ណបើកបរ ចំនួន ១១ នាក់ បណ្ណបើកបរក្លែងក្លាយ ចំនួន ១០ នាក់រថយន្តគ្មានផ្លាកលេខចំនួន ១០ គ្រឿង ។
គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ ហើយបើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕