ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ

50

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយាបានអញ្ជើញស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ទាំង១១អង្គ គឺដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរប្រគេព្រះអង្គ បន្ទាប់ពីព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងគោរមងារដ៏ឧត្តុង្គឧត្តមជាសម្តេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា ក្នុងនោះរួមមាន៖

១-សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល (ចន្ទនត្ថេរោ) ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

២-សម្តេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក សមាជិកថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

៣-សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត (សីលសំវរោ) ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ។

៤-សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ (ឋិតសីលប្បញ្ញោ) សមាជិកថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ លេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ទទួលបន្ទុកជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ។

៥-សម្តេចព្រះមហាវិមលធម្ម មួង សទ្ធាពុទ្ទពង្ស (សញ្ជាតធម្មោ) ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះចៅអធិការវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

៦-ព្រះមុនីកោសល វ៉ង់ គឹមសន (សច្ចគុត្តោ) ព្រះរាជាគណៈថ្នាក់ទោ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ ព្រះអនុប្រធានមណ្ឌលវិបស្សនាធុរៈ និងជាព្រះចៅអធិការវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៧-ព្រះពុទ្ធវង្ស សុខ សុភាព (សច្ចសីលោ) ព្រះរាជាគណៈថ្នាក់ត្រី ព្រះវិន័យធរគណរាជធានីភ្នំពេញ ប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក វិន័យធរអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះចៅអធិការវត្តវារិន្ទព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៨-ព្រះឧបាលិវង្ស កែវ សាវ៉ន (ជោតិថេរោ) ព្រះរាជាគណៈថ្នាក់ត្រី ព្រះមង្គលទិព្វលោករង្សី ព្រះមេគណខេត្តតាកែវ និងជាព្រះចៅអធិការវត្តតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

៩-ព្រះគម្ពីរត្ថេរ ញ៉ែត ចន្ទតារា (ឥន្ទញ្ញាណោ) ព្រះជលធីវាសី មេគណខេត្តកំពត និងជាព្រះចៅអធិការវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

១០-ព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ (ធម្មធរោ) ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយក ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តព្រជុំនទី (ក្រពើហា) ស្ថិតក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

១១-ព្រះវិន័យសំវរ រិន សុផុន (ឥន្ទប្បញ្ញោ) ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តធម្មវិបស្សនារាម ហៅតាភេម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានចូលរួមចំណែកសំខាន់ណាស់នៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ គ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។

សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៥,១៣៣ វត្ត និងមាន ព្រះសង្ឃចំនួន ៦៨,៩៦៧ អង្គ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា យើងគួរមានមោទកភាព ដែលកម្ពុជាមិនមានជម្លោះសាសនា ហើយដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយភាពសុខដុមជាមួយគ្នា។ សម្ដេចបន្តទៀតថា ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែនបានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។

ឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុលនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា និងបានអំពាវនាវដល់ពុទ្ធបរិស័ទ។ នៅថ្ងៃនេះ សម្តេចធិបតីបានអំពាវនាវអោយជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ និងបានស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខផ្សេងៗ នៅក្នុងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង