ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ គូសបញ្ជាក់នូវតួនាទីយ៉ាងសំខាន់របស់អង្គការយូណេស្កូ នៅកម្ពុជា

54

 

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការយាងចូលរួមរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

តបតាមការសូមយាងរបស់លោកជំទាវ អូដ្រេ អាហ្ស៊ូឡាយ (Audrey Azoulay) អគ្គនាយិកាអង្គការ យូណេស្កូ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា បានយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្ដីពីអង្គរ នៅទីស្នាក់ការកណ្តាលអង្គការ យូណេស្កូ ទីក្រុងប៉ារីស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងជំនួបសវនាការមុនពិធីបើកសន្និសីទនេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នាពេលកន្លងមក។ ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់នូវតួនាទីយ៉ាងសំខាន់របស់អង្គការយូណេស្កូ នៅកម្ពុជា និងជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC Angkor) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលលើកឡើងពីចំណុចសំខាន់ៗដែលជាគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេស លើជំនាញដូនតាខ្មែរ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការត្រៀមរៀបចំចុះបញ្ជី បេតិកភណ្ឌនូវមរតករូបីនិងអរូបីរបស់កម្ពុជានាពេលអនាគត ការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីរក្សាការពារ នូវតម្លៃអង្គរ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានស្នើសុំអង្គការយូណេស្កូបញ្ជូនអ្នកជំនាញ បច្ចេកទេសមកកម្ពុជា ដើម្បីផ្ដល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះ។

ជាកិច្ចឆ្លើយតប លោកជំទាវ អូដ្រេ អាហ្ស៊ូឡាយ បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែល ជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវ តម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។

បន្ទាប់មក នាពិធីបើកសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្ដីពីអង្គរ នៅក្នុងព្រះរាជសុន្ទរកថាគន្លឹះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារអស់រយៈពេលជាង៣០ឆ្នាំ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង បានលើកឡើងពីការធានាបន្តនិរន្តរភាពការងារទាំងនេះ របស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យថ្លែងអំណរគុណចំពោះសហប្រធានបារាំង និង ជប៉ុន ព្រមទាំងប្រទេសសមាជិកទាំងអស់នៃ ICC Angkor ជាពិសេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋអ៊ីតាលី – សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងអង្គការយូណេស្កូ ដែលបានផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏ អស្ចារ្យប្រកបដោយប្រសិទ្ធភាព និងសាទរការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ក្នុង ទម្រង់បច្ចុប្បន្នសម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។ ព្រះករុណា ព្រះមហាក្សត្រក៏បានសព្វព្រះរាជហឫទ័យ ថ្លែងអំណរគុណចំពោះអគ្គនាយក-អគ្គនាយិកាកន្លងទៅនិងបច្ចុប្បន្នរបស់អង្គការយូណេស្កូ សម្រាប់ការ ដឹកនាំពោរពេញដោយក្តីស្រឡាញ់ពិតប្រាកដចំពោះកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានសំដែងនូវ ព្រះទ័យសោមនស្សរីករាយផងដែរ ចំពោះការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក កាលពីពេលថ្មីៗនេះ។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យថ្លែងព្រះរាជបន្ទូលស្វាគមន៍ចំពោះសេចក្ដី សម្រេចរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានបង្ហាញពីឆន្ទៈយ៉ាងមោះមុតក្នុងការផ្តល់អាទិភាព លើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវ ដល់អង្គការយូណេស្កូឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ៕

 

អត្ថបទដែលជាប់ទាក់ទង