ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ច័យប្រមូលបានពីអង្គកឋិនទានចំនួន១៥ម៉ឺនដុល្លារ ត្រូវវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារនិងសមិទ្ធិផលនានា

59

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ច័យដែលប្រមូលពីអង្គកឋិនទានបានចំនួន១៥៧២៨៤ដុល្លារ ត្រូវវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារនិងសមិទ្ធិផលនានានៅក្នុងទីអារាមនេះ។

នៅរសៀលថ្ងៃទី១៧វិច្ឆិកា មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ,រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយក្រោមការផ្តួចផ្តើមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី និងម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានធ្វើអង្គកឋិនមួយ ដោយបានជួបជុំពុទ្ធបរិស័ទ រៀបចំពិធីក្រុងពាលីនមសិការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងធម៌ទេសនា នៅសាលារាជធានីភ្នំពេញ ។

អង្គកឋិនទាននេះ នៅពេលព្រឹកថ្ងៃទី១៨ វិច្ឆិកាបានធ្វើពិធី ដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅដើម្បី នាំយកបច្ច័យ ទៅកសាងព្រះវិហារ។

ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈដែលកាន់ព្រះពុទ្ធសាសនា ប្រាកដ ក្នុងចិត្តមកហើយថា កាលដែលមានលទ្ធភាព និងធនធានធ្វើពិធីបុណ្យដង្ហែរអង្គ កឋិនទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានានោះនឹងទទួលបានអានិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិជាពិសេសបានបញ្ជូនមហា កុសលទៅដល់បុព្វការីជនដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខហើយនោះ។

ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វាទស្សមាសដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបង្ហាញថា៖ ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៏ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

យើងទាំងអស់គ្នាមានឱកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាពគឺសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណនៃអណត្តិទី៧របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។បុណ្យកឋិនទាននេះក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាស នាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង និងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឲ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យកាន់តែរីកចំរើន។

តាមទំនៀមទំលាប់ ជនណាបានធ្វើបុណ្យកឋិនទានដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាងឈ្មោះថា ជាអ្នកឲ្យ សេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។ កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននេះបានចំនួន១៥៧២៨៤ដុល្លារ វេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារនិងសមិទ្ធិផលនានានៅក្នុងទីអារាមនេះ ។ ក្រៅពីនេះបច្ច័យខាងលើ ក៏មានបច្ច័យចំនួន៤០ម៉ឺនរៀលប្រគេនដល់ព្រះចៅអធិការវត្ត គ្រូសូត្រស្តាំចំនួន៣០ម៉ឺនរៀល ព្រះសង្ឃចំនួន២២អង្គក្នុង១អង្គៗចំនួន២០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង