ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់បង្កហានិភ័យច្រើន ដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា

47

 

ភ្នំពេញ៖ ធនាគារពិភពលោកប្រចាំកម្ពុជា នាពេលថ្មីៗនេះបានចេញផ្សាយនៅព័ត៌មានថា ទឹកជំនន់ក្នុងរដូវវស្សា គឺជាគ្រោះមហន្តរាយដែលប្រទេសកម្ពុជាជួបប្រទះជាញឹកញាប់បំផុត ដែលសឹងតែថាវាជារឿងធម្មតាទៅហើយ។ រៀងរាល់ប្រាំឆ្នាំម្តង ប្រទេសនេះតែងមានទឹកជំនន់ធំៗកើតឡើង ដែលបង្កការបំផ្លិចបំផ្លាញហិនហោចខ្លាំង។ នៅក្នុងឆ្នាំ២០១១ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ប្រជានជាង ១ ៧០០ ០០០នាក់ ក្នុងនោះ មនុស្ស ២៥០នាក់បានស្លាប់ និង ៥០ ០០០ផ្សេងទៀត គ្មានផ្ទះសម្បែង។ ជារឿយៗ ផលប៉ះទង្គិចរបស់ទឹកជំនន់ទៅលើហេដ្ឋរចនាសម្ព័ន្ធវិស័យអប់រំ និងសុខាភិបាល ត្រូវបានគេមើលរំលង នៅពេលដែលព្រឹត្តិការណ៍ទាំងនេះអាចមានផលវិបាកយូរអង្វែងយ៉ាងធ្ងន់ធ្ងរ ទៅលើធនធានមនុស្ស និងផលិតភាពរបស់ប្រជាជន។ ផលវិបាកផ្នែកសុខាភិបាល នៅពេលដែលមន្ទីរពេទ្យត្រូវបិទទ្វារបណ្ដោះអាសន្នដោយសារទឹកជំនន់ អាចជះឥទ្ធិពលអវិជ្ជមានយូរអង្វែងលើកុមារ និងមូលធនមនុស្ស នាពេលអនាគត។ យោងតាមធនាគារពិភពលោក លទ្ធភាពនៃការចុះអន់ថយសុខភាពរបស់កុមារ ជារឿងសំខាន់នៅក្នុងប្រទេសមួយដែលកុមារចំនួន ៣២នាក់ក្នុងចំណោម ១០០នាក់ មានភាពក្រិន ហើយអាចប្រឈមនឹងកង្វះខាតក្នុងការលូតលាស់ផ្នែកសមត្ថភាពយល់ដឹង និងផ្នែកសារពាង្គកាយ ពេញមួយជីវិត ទៀតផង។

ការធ្លាក់ចុះនៃម៉ោងបង្រៀន នៅពេលដែលសាលារៀនត្រូវបានបិទដោយសារទឹកជំនន់ ធ្វើឱ្យប៉ះទង្គិចដល់ការសិក្សារបស់សិស្ស, អាចនាំឱ្យអត្រាបោះបង់ការសិក្សាកើនឡើង ហើយកុមាររៀនមិនទាន់កម្មវិធីសិក្សា ដែលជាហេតុធ្វើឱ្យពួកគេក្លាយជាកម្លាំងទីផ្សារការងារខ្វះគុណភាព នៅពេលអនាគតក្នុងជីវិតរបស់ពួកគេ។ តាមរយៈនេះ វិសមភាពក៏កើនឡើងដែរ ដោយសារអ្នកក្រកាន់តែមានធនធានតិចជាងមុន សម្រាប់ទប់ទល់នឹងស្ថានការណ៍អាក្រក់ណាមួយ។ ក្រោយពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០២១ បង្ខំឱ្យសាលារៀនចំនួន ៥០ បិទទ្វារ, ប្រធានមន្ទីរអប់រំខេត្ត បានលើកឡើងពីហានិភ័យនៃវិសមភាពកាន់តែធ្ងន់ធ្ងរ ដោយនិយាយនៅក្នុងអត្ថបទសារព័ត៌មានមួយថា៖ “សាលារៀនមួយចំនួនត្រូវបានជន់លិច ដែលធ្វើឱ្យសិស្សមិនអាចចូលរៀនបានទេ”។ លោកបានពន្យល់បន្ថែមថា សិស្សខ្លះក្នុងគ្រួសារក្រីក្រ ក៏មិនអាចរៀនតាមកម្មវិធីសិក្សាពីចម្ងាយ បានដែរ។

ការស្រាវជ្រាវរបស់ធនាគារពិភពលោក ដែលធ្វើឡើងសម្រាប់នៅក្នុងរបាយការណ៍ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Country Climate and Development Report/CCDR) បានឱ្យយើងយល់ដឹងច្រើនថែមទៀតអំពីផលវិបាកនៃទឹកជំនន់មកលើធនធានមនុស្ស។ ការវិភាគរបស់យើងរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធមានហានិភ័យត្រូវទឹកជន់លិចជាទៀងទាត់ តាមរយៈការប៉ាន់ប្រមាណរបស់យើងអំពីភាពប្រឈមរបស់គ្រឹះស្ថានថែទាំសុខភាព និងការអប់រំ នៅទូទាំងប្រទេស។

ខេត្តភាគច្រើនមានសាលារៀនយ៉ាងហោចណាស់ក៏មួយដែរ ដែលប្រឈមនឹងគ្រោះទឹកជំនន់ធំប្រចាំឆ្នាំ ហើយយើងប៉ាន់ប្រមាណថា ទឹកជំនន់បង្កការអាក់ខានដល់ការរៀនសូត្ររបស់សិស្សប្រមាណ ១ភាគរយ ឬ ៣០ ០០០នាក់ ក្នុងមួយឆ្នាំៗ។ ហានិភ័យប្រឈមទឹកជន់លិចមានកម្រិតខ្ពស់ណាស់សម្រាប់សាលារៀននៅតាមដងទន្លេមេគង្គ និងអាងទន្លេសាប ហើយគ្រឹះស្ថានសេវាសុខាភិបាលនៅតាមដងទន្លេមេគង្គ និងនៅតាមឆ្នេរសមុទ្រ ក៏ងាយប្រឈមនឹងការជន់លិចដែរ។ ខេត្តស្ទឹងត្រែង និងក្រចេះ គឺជាខេត្តពីរដែលមានហានិភ័យខ្ពស់បំផុតចំពោះហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស។ ក្នុងនោះ ៣១ភាគរយ និង ២០ភាគរយ នៃគ្រឹះស្ថានសេវាថែទាំសុខភាពរបស់ខេត្តទាំងពីរ តែងជួបហានិភ័យទឹកជំនន់ជារៀងរាល់ឆ្នាំ។ នៅក្នុងខេត្តទាំងពីរនេះ ការអប់រំរបស់សិស្សភាគច្រើនកំពុងរងការគំរាមកំហែងដោយទឹកជំនន់ ក្នុងនោះ ៣៣ភាគរយ រស់នៅក្នុងខេត្តក្រចេះ និង ២៥ភាគរយ នៅក្នុងខេត្តស្ទឹងត្រែង។

ហានិភ័យដែលបង្កឡើងដោយទឹកជំនន់ដល់ធនធានមនុស្ស កាន់តែធ្ងន់ធ្ងរទៀតនៅពេលដែលប្រជាជនបាត់បង់លទ្ធភាពទៅរកសេវាថែទាំសុខភាព និងសាលារៀន ក្រោយពីផ្លូវត្រូវបានកាត់ផ្តាច់។ ការរកឃើញរបស់យើងបង្ហាញថា នៅក្នុងចំនួនពាក់កណ្តាលនៃខេត្តទាំងអស់ ប្រជាជនជាង ១៥ភាគរយ ត្រូវចំណាយពេលជាងមួយម៉ោងទម្រាំធ្វើដំណើរទៅដល់គ្រឹះស្ថានសេវាសុខាភិបាលមួយ បន្ទាប់ពីមានទឹកជំនន់ម្តងៗ។ ចំនួននេះមានរហូតដល់ទៅ ៣០ភាគរយ នៅខេត្តព្រៃវែង និងខេត្តបាត់ដំបង។ ទឹកជន់លិចផ្លូវ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរទៅកាន់វិទ្យាល័យសម្រាប់សិស្សជាង ២០ភាគរយ ក្នុងខេត្តបាត់ដំបង ព្រៃវែង និងកំពង់ចាម។ នៅក្នុងប្រទេសដែលមានសិស្សត្រឹមតែ ៣០ភាគរយប៉ុណ្ណោះដែលចុះឈ្មោះចូលរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិ ការបង្កើនភាពធន់នៃសាលារៀន និងភាពធន់របស់ផ្លូវទល់នឹងទឹកជំនន់ គឺជាភាពចាំបាច់ដើម្បីការពារធនធានមនុស្ស និងជំនាញ, បង្កើនផលិតភាព, និងដើម្បីធានាបានថា បម្រែបម្រួលអាកាសធាតុ មិនរារាំងដល់អនាគតនៃការអភិវឌ្ឍរបស់កម្ពុជា។

ការពង្រឹងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស និងលទ្ធភាពប្រើប្រាស់របស់វា មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន នៅក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ។ ខាងក្រោមជាវិធានការបីយ៉ាង តាមរយៈការវិនិយោគ ដើម្បីបង្កើនភាពបន្ស៊ាំនៃហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស៖

១ បង្កើនភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធ អមជាមួយការធ្វើផែនការយុទ្ធសាស្រ្ត, បង្កើនភាពធន់របស់បណ្តាញបង្ហូរទឹក និងរបស់សំណង់អគារ នៅតាមតំបន់ដែលមានហានិភ័យ និងដំណោះស្រាយផ្អែកលើធម្មជាតិដែលកាត់បន្ថយការប៉ះពាល់ពីទឹកជំនន់។

២. កែលម្អឱ្យប្រសើរនូវការត្រៀមខ្លួនរបស់សហគមន៍ អមជាមួយនឹងលទ្ធភាពសម្រាប់ទាំងអស់គ្នាក្នុងការទទួលបានការប្រើប្រាស់ប្រព័ន្ធជូនព័ត៌មានជាមុនអំពីគ្រោះមហន្តរាយធម្មជាតិ។ ប្រព័ន្ធទាំងនេះមានសារៈសំខាន់ជាពិសេសក្នុងការទប់ទល់នឹងស្ថានភាពស្រួចស្រាវ ដូចជាការជន់លិចគ្រឹះស្ថានសេវាសុខភាពច្រើនកន្លែងក្នុងពេលដំណាលគ្នា។

៣. ពង្រឹងភាពធន់នៃបណ្តាញផ្លូវ ដោយការធ្វើកែសម្រួលស្តង់ដានៃការរចនាផ្លូវឱ្យកាន់តែប្រសើរឡើង និងស្របជាមួយនឹងហានិភ័យអាកាសធាតុ, កែលម្អការថែទាំផ្លូវ, និងបង្កើតយុទ្ធសាស្រ្តហិរញ្ញប្បទានជនបទ ដោយផ្តល់អាទិភាពដល់កំណាត់ផ្លូវផ្អែកលើកម្រិតសារៈសំខាន់របស់វា៕

អត្ថបទដែលជាប់ទាក់ទង