ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំរាមប្រមាណមួយម៉ឺនតោនត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ

96

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ចង់ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស នាំគ្នាជួយថែរក្សាបរិស្ថាន ព្យាយាមគិតនូវគំនិតបៃតង និងអនុវត្តទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាជីវិតការងារនិងសកម្មភាពអាជីវកម្មរបស់ពួកគេ ខណៈសំរាមប្រមាណមួយម៉ឺនតោនត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលជាអធិបតីភាព ក្នុងកម្មវិធីឧត្តមឆន្ទៈបៃតង សហការរៀបចំឡើងដោយបណ្ណាល័យបញ្ញាវ័ន្ត សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអេកូយុវទូត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោកបានបន្ថែមថា
យោងតាមអ្នករៀបចំកម្មវិធី គោលបំណងនៃកម្មវិធីនេះគឺចង់ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស នាំគ្នាជួយថែរក្សាបរិស្ថាន ព្យាយាមគិតនូវគំនិតបៃតង និងអនុវត្តទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាជីវិតការងារនិងសកម្មភាពអាជីវកម្មរបស់ពួកគេ។ យើងចង់ឱ្យប្រជាជនក្នុងតំបន់ត្រូវបានទទួលការអប់រំ, ត្រូវបានជូនដំណឹងនិងអនុញ្ញាតឱ្យពួកគេដឹងពីរបៀបរួមចំណែកជួយដល់ផែនដីរបស់យើង។ ជាមួយគ្នានេសះ ការគ្រប់គ្រងសំណល់រឹងសំរាម និងការការពារធនធានធម្មជាតិជាប្រធានបទក្នុងកិច្ចពិភាក្សា។

ដោយលើកការកោតសរសើរចំពោះគំនិតផ្តួចផ្តើម របស់យុវជនក្នុងការថែរក្សាអនាម័យបរិស្ថាន លោក នេត្រ ភក្ត្រា បានជម្រាបជូនអ្នកចូលរួមអំពីតួនាទីភារកិច្ច របស់ក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្ត្រអាទិភាព របស់ក្រសួងបរិស្ថាន ដែលបានផ្តោតលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ទាក់ទងនឹងបញ្ហាសំរាម លោក រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងបងប្អូនប្រជាពលរដ្ឋ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងគ្រប់គ្រងសំណល់រឹងសំរាម។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សំរាមប្រមាណមួយម៉ឺនតោនត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ហើយក្នុងនោះ បរិមាណសំរាមប្រមាណ ៣ ពាន់តោនក្នុងមួយថ្ងៃនៅ រាជធានីភ្នំពេញ និងប្រមាណ ៦០០ តោននៅខេត្តព្រះសីហនុ និងប្រមាណ ៤០០តោននៅខេត្តសៀមរាប។

លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងស្ថាប័នគ្រប់ ជាន់ថ្នាក់ចូលរួមសម្អាតអនាម័យបរិស្ថាន និងចូលរួមញែកសំរាម ឱ្យត្រឹមត្រូវតាមបច្ចេកទេសត្រឹមត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធ្វើឱ្យសហគមន៍ ភូមិឃុំ និងសង្គមរបស់យើងមានបរិស្ថាន ល្អស្អាត និងពលរដ្ឋរស់នៅប្រកប ដោយផាសុកភាព។ លោក បានបញ្ជាក់ថា បញ្ហាបរិស្ថានមិនមែនជាបញ្ហាដាច់ដោយឡែករបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នា ដែលចាំបាច់ទាមទារ ការរួមគ្នាសម្អាតបរិស្ថានឱ្យបានស្អាតល្អ។

អត្ថបទដែលជាប់ទាក់ទង