គណៈប្រតិភូសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu និង Busan សាធារណរដ្ឋកូរ៉េ មកសិក្សាឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu និង Busan ដែលដឹកនាំដោយ លោក Jaehyeon-Han អគ្គនាយកនៃការិយាល័យសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu។
ជំនួបខាងលើមានគោលបំណងសិក្សាឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ច ក៏ដូចជានីតិវិធីក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តមបានជម្រាបជូនសមភាគីអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិស្ថានវិនិយោគ សំដៅបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ, មានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, ការផ្តល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ ព្រមទាំងការការពារ និងធានាវិនិយោគប្រកបដោយមេត្រីភាព។
ជាមួយគ្នានេះ ឯកឧត្តមក៏រំលេចអំពីវិស័យគន្លឹះមួយចំនួន ដែលមានសក្តានុពលក្នុងការវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងបរិស្ថានវិនិយោគដែលបើកចំហ និងអំណោយផល ហើយវិស័យទាំងនោះមានជាអាទិ៍ (១) កសិ-ចំណីអាហារ (២) យានយន្ត (៣) អេឡិចត្រូនិក (៤) ឌីជីថល។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុកូរ៉េ (Korea Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាន និងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន៕