អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance អរគុណក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កន្លងមកដែលបាន បញ្ចៀសផលប៉ះពាល់ ព្រៃឈើក្នុងតំបន់ភ្នំក្រវាញ
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ដឹកនាំដោយលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងគោលបំណង ដើម្បីអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance អរគុណ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កន្លងមកដែលបាន បញ្ចៀសផលប៉ះពាល់ ព្រៃឈើក្នុងតំបន់ភ្នំក្រវាញ ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Allia nceកំពុងប្រតិបត្ដិនឹងការពារអភិរក្សឱ្យបានគង់វង្ស ។
អង្គការសម្ព័ន្ធសត្វព្រៃ ក៏បានអរគុណ លោកឧបនាយករដ្ឋមន្ត្រី ដែលបានគាំទ្របេសកកម្មកន្លងមករបស់អង្គការក្នុងការការពារព្រៃភ្នំក្រវាញ តួយ៉ាងដូចជាគម្រោងសាងសង់ផ្លូវជាតិ លេខ១០ នៅក្នុងអាណត្តិទី៦ ដែលខ្សែផ្លូវនេះត្រូវបានស្ថាបនាឡើងដោយបានគិតគូយ៉ាងហ្មត់ចត់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ព្រៃឈើក្នុងតំបន់ភ្នំក្រវាញ។
សូមបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ២០០០ តាមរយៈការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សព្រៃភ្នំក្រវាញ៕ សំរិត