ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍គាំទ្រចំពោះការវិនិយោគថែមទៀត ពីប្រទេសជប៉ុនមកកម្ពុជា

32

 

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានគាំទ្រនូវព្រឹត្តិការណ៍បាញ់កាំជ្រួចកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការរៀបចំទ្បើងដោយសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។ ទន្ទឹមនេះ សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាក ជាដើម ។ លើសពីនេះ សមាគម ក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួលដល់ដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអរគុណដល់សមាគមជប៉ុន-កម្ពុជា (JCA) ដែលបានសហការរៀបចំឱ្យមានព្រឹតិ្តការណ៍បាច់កាំជ្រួចអបអរសាទរ ខួបទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដោយរលូន ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងការជំរុញការវិនិយោគ ។

ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា ព្រមទាំងបានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញនៃច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង