ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រុកខ្មែរ មិនទាន់ដាក់ច្បាប់ ផ្តន្ទាទោស ប្រហារជីវិតនោះទេ

191


ភ្នំពេញ៖ បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងពីករណីរំលោភហើយសម្លាប់ស្រុកខ្មែរ គួរតែមានទោសប្រហារជីវិត តើគួរមានច្បាប់កាត់ទោសប្រហារជីវិត ទៅលើជនល្មោភកាម​ ដែលរំលោភហើយសម្លាប់​ ដូច​ក្នុង​ករណី​ក្មេងស្រី​២នាក់ត្រូវបានសម្លាប់​ ត្រូវបានអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បញ្ជាក់ថា នៅស្រុកខ្មែរ មិនទាន់ដាក់ឲ្យមានច្បាប់ ផ្តន្ទាទោស ប្រហារជីវិតនោះទេ ប៉ុន្តែនៅប្រទេសវៀតណាម ប្រទេសចិន អាមេរិក មានទោសប្រហារជីវិត ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកលក់ឱសថ តាមឱសថស្ថាន កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨ នៅសណ្ឋាគារហាយស្កាយ
លោកឧត្តមសេនីយ៍ឯក ជា ម៉ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ពាក់ព័ន្ធនឹងការរំលោភសម្លាប់កុមារី២នាក់នៅខេត្តកំពង់ឆ្នាំង នាពេលថ្មីៗនេះ បណ្តាញសង្គមហ្វេសប៊ុក បានស្នើសុំទៅសម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយស្នើសុំឲ្យមានទោសប្រហារជីវិត ។ លោកបន្តថា ប៉ុន្តែបើយើងក្រឡេកមើលទៅ ព្រះរាជតម្រិះរបស់សម្តេចព្រះបរមរតនកោដ្ឋ ។​ សម្តេចតា មានព្រះរាជអង្គការថា កម្ពុជា អត់ទាន់ដាក់ច្បាប់ប្រហារជីវិត បានទេ។ លោកបានបន្ថែមថា បើយើងនិយាយកាន់តែជ្រៅថែមទៀត ដូច្នេះប្អូនៗ មិនបាច់យល់ដល់ហ្នឹងទេ គឺប្អូនៗយល់ត្រឹមថា កម្ពុជា អត់ទាន់មានដល់ដំណាក់កាលឈានដាក់ ទោសប្រហារជីវិតបានទេ ។ នៅប្រទេសវៀតណាម ប្រទេសចិន អាមេរិក មានទោសប្រហារជីវិត ហើយបច្ចុប្ប​ន្ននេះយុទ្ធនាការសកលនៃទោសប្រហារជីវិត ភាគច្រើនគេចាក់ថ្នាំសម្លាប់ ដោយគេលែង យកទៅព្យួករ គេលែងយកទៅឲ្យបាញ់សម្លាប់ហើយ ព្រោះវាឃោរឃៅពេក ដូច្នេះដល់ថ្ងៃចុងក្រោយ គេចាប់អ្នកទោសមក ហើយប្រាប់ថាអ្នកឯងដល់ថ្ងៃកាត់ទោសប្រហារជីវិត ហើយគេដាក់ម្ហូបអាហារឲ្យញ៉ាំឲ្យឆ្អែត។

សូមបញ្ជាក់ថា ភ្ញាក់ផ្អើលនៅថ្ងៃទី១៧ តុលា ឆ្នាំ២០១៨ ក្មេងស្រី២នាក់ត្រូវ បានជនពុំស្គាល់មុខវាយសម្លាប់ រួចញាត់ចូលក្នុងកេសឈើដាក់ចោលលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍​ រហូតដល់ថ្ងៃ២១តុលា២០១៨ ឃាតកម្មសម្លាប់ក្មេងស្រីបងប្អូន២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ចាប់បានហើយ ឃាតករមានឈ្មោះ ឆុំ ពយ អាយុ ២៣ឆ្នាំ គឺជាអ្នកជិតខាង ក្មេងស្រីរងគ្រោះ ។
មូលហេតុឈានដល់ការសម្លាប់ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។
បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា ព្រះអើយ ហេតុអីឃើញតែរំលោភហើយសម្លាប់ក្មេងរាល់ថ្ងៃអីចឹង លែងចង់បើកមើលហើយហ្វេសប៊ុក ព្រោះឃើញតែព័ត៌មានរំលោភសម្លាប់ ជាពិសេសគឺក្មេងតែម្តង មនុស្សកាន់តែសាហាវព្រៃផ្សៃ ពីមួយថ្ងៃទៅមួយថ្ងៃ តើពេលណាទើបស្រុកខ្មែរ មានទោសប្រហារជីវិត ចំពោះករណីរំលោភសម្លាប់នេះទៅ? អាសូណាស់លោកអើយសំលាប់ក្មេងម្តងទាំងពីរនាក់បងប្អូន។ ករណីរំលោភហើយសម្លាប់ស្រុកខ្មែរ គួរតែមានទោសប្រហារជីវិត ចោលទៅជីវិតសងជីវិតបានសម។ តើគួរមានច្បាប់កាត់ទោសប្រហារជីវិត ទៅលើជនល្មោភកាម​ ដែលរំលោភហើយសម្លាប់​ ដូច​ក្នុង​ករណី​ក្មេងស្រី​២នាក់ត្រូវបានសម្លាប់​ បើចាប់បានគួរតែ…។ គាំទ្រ1000ភាគរយ រំលោភជាប់គុកមួយជីវិត
រំលោភសម្លាប់ ប្រហារជីវិត មិនមែនច្បាប់នេះ ឃោរឃៅនោះទេ គឺសម្រាប់តែសត្វមនុស្សដែលមានខួរអត់ចេះគិត បើមានច្បាប់បែបនេះ ប្រុសៗដែលតណ្ហាដឹកមុខ ចូលចិត្តចាប់រំលោភ និងបានស្គាល់គុកមួយជីវិតហើយ
ហើយបើរំលោភរួចសម្លាប់ទៀត គឺជីវិតត្រូវសងដោយជីវិត។ ឪពុកបង្កើតរំលោភកូនឯង តាបង្កើតរំលោភចៅឯង បងប្រុសបង្កើតរំលោភប្អូនឯង ពូបង្កើតរំលោភក្មួយឯង។ល។ មនុស្សប្រុសបែបនេះ មិនមែនហៅថាមនុស្សទេ គឺសត្វចឹងកុំទុកនាំឲ្យមិនសូវថ្លៃដល់ប្រុសដែលគេល្អ។ នៅស្រុកខ្មែរមានតែព័ត៌មានហ្នឹងមិនឈប់ឈរ សូមដាក់ទោសពួកអាចង្រៃនឹង ឲ្យធ្ងន់ធ្ងរដោយសារតែអីចឹងហើយ ខ្ញុំឲ្យមានទោសប្រហារជីវិត សូមបានអត់អ្នកបង្កើតច្បាប់ទាំពួងអើយ៕

អត្ថបទដែលជាប់ទាក់ទង