ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨

170

ព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨” នាំមកនូវឱកាសការងារគ្រប់ប្រភេទ ប្រមាណ២ម៉ឺនមុខតំណែង ដែលផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗ ១៥៦ ក្នុងបញ្ជរសរុបចំនួន៣០០ រយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៨ នៅអគារពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨នេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាលបានបញ្ជាក់ថា៖“ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិក្នុងឆ្នាំ២០១៨នេះ គឺស្របពេលជាមួយនឹងការចាប់ផ្តើមអាណត្តិថ្មី នៃរាជរដ្ឋាភិបាលដែលកើតចេញពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដោយសេរី យុត្តិធម៌ និងអាចជឿទុកចិត្តបានដោយមានប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត៨៣,២ភាគរយ បានទៅបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ហើយដែលទើបបានដាក់ចេញនូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ ដោយបន្តផ្តោតអាទិភាពខ្ពស់ លើការធានាកំណើនសេដ្ឋកិច្ចខ្ពស់, ការបង្កើតឱកាសការងារសម្រាប់យុវជន, ការបែងចែកផលនៃកំណើន ដល់គ្រប់ស្រទាប់ប្រជាជន និងការពង្រឹងប្រសិទ្ធភាពក្នុងគោលដៅ បម្រើឱ្យបេសកកម្មជាប្រវត្តិសាស្រ្ត នៃការដឹកនាំប្រទេសកម្ពុជា ឈានទៅសម្រេចបានឋានៈ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ពិព័រណ៍នេះ ក៏នឹងរៀបចំផងដែរនូវសិក្ខាសាលារយៈពេលពីរថ្ងៃ ស្តីពីផលិតភាព ដើម្បីចូលរួមលើកកម្ពស់ ការយល់ដឹងពីផលិតភាព ការបង្ហាញអំពីវិធីសាស្រ្តបំពេញការងារ គំនិតច្នៃប្រឌិតថ្មី ជំនាញនិងឧបករណ៍បច្ចេកវិទ្យាស្របតាមការវិវត្ត នៃបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មទី៤ ដែលពឹងផ្អែកជាចម្បងលើប្រព័ន្ធឌីជីថល ដោយមានការចូលរួមពីសំណាក់ វាគ្មិនជាតិអន្តរជាតិល្បីៗ។ លើសពីនេះ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវឱកាស ដ៏កម្រក្នុងការបង្កើតបណ្តាញទំនាក់ទំនង ជាមួយអ្នកជំនាញធនធានមនុស្ស, អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងធុរជនសំខាន់ៗ។”

ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមតាំងបង្ហាញ ពីសំណាក់ក្រុមហ៊ុន-សហគ្រាស រហូតបានក្លាយជាមហាព្រឹត្តិការណ៍ការងារ ដែលធំជាងគេប្រចាំឆ្នាំ និងបានទាក់ទាញយុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករ ចូលរួមដាក់ពាក្យស្វែងរកការងារ និងស្វែងយល់អំពីទីផ្សារការងារកម្ពុជា នាពេលបច្ចុប្បន្ន។ ជាក់ស្តែងសម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុន-សហគ្រាសធំៗចំនួន១៥៦ នៅក្នុងវិស័យសំខាន់ៗដូចជា៖ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច, ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាលបច្ចេក-ទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជនបានចូលរួមយ៉ាងសកម្ម។ យុវជនសិស្ស-និស្សិត និងអ្នកស្វែងរកការងារទាំងអស់ មានឱកាសទទួលបានការងារធ្វើភ្លាមៗ, ការប្រឹក្សាយោបល់អំពីអាជីព, វិធីសាស្ត្រជោគជ័យក្នុងការដាក់ពាក្យស្វែងរកការងារ, ការត្រៀមលក្ខណៈចូលទីផ្សារការងារ និងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយវាគ្មិនល្បីៗ ដែលទទួលបានជោគជ័យ ក្នុងអាជីព និងទីផ្សារការងារ។

ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថា មានអ្នកចូលរួមទស្សនាប្រមាណ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។ ដូច្នេះដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយ ដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕

អត្ថបទដែលជាប់ទាក់ទង