ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“កម្ពុជា និងគុយបា នឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី”

40

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសដែលលោកជំទាវចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

ក្នុងអំឡុងនៃកិច្ចសន្ទនា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត បានរំលឹកពី សារៈសំខាន់នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទៅវិញទៅមកនៅប្រទេស គុយបា និងកម្ពុជា ដែលជាដាក់ចេញនូវទិសដៅដ៏ប្រសើរសម្រាប់ការពង្រឹង និងពង្រីកនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ក្នុងវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមកដែលរួមមាន វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា។
ដោយបានរំលឹកអំពីប្រវត្តិសាស្ត្រពីអតីតកាលរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាប្រចាំដែលគុយបាជួយកម្ពុជាក្នុងគ្រាលំបាក ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដោយចាត់ទុកកម្ពុជាជាមិត្តដ៏ល្អរបស់គុយបា លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជាមួយគុយបា និងសហគមន៍អន្តរជាតិ ក្នុងការអំពាវនាវឱ្យមានការលុបចោលនូវការដាក់ទណ្ឌកម្មបរទេសមកលើគុយបា។

ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានមានទស្សនៈដូចគ្នាថាចាំបាច់ត្រូវធ្វើការ បន្ថែមទៀត ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំ ពិគ្រោះ យោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងធ្វើនៅឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង