ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ៖ ការសម្ពោធបើកដំណើរការផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា នាពេលនេះ គឺជា សក្ដានុពលអាជីវកម្ម សម្រាប់បំពេញតម្រូវការទីផ្សារជាក់ស្តែង

78

 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជនគឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធី “ បើកសម្ភោធផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ឯ.ក” មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញនា ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា កម្ពុជា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ ខាងមុខនេះ។

បើតាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ , ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយអាជីវកម្មទាំងនោះកំពុងដំណើរការដោយរលូន ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និង ទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ។

ឯកឧត្តម បានបន្តថា ការបើកសម្ពោធបើកដំណើរការផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា នាពេលនេះ គឺជា សក្ដានុពលអាជីវកម្ម សម្រាប់បំពេញតម្រូវការទីផ្សារជាក់ស្តែង ដែលនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវនេះតែម្តង។

ដើម្បីធានាភាពជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និង និរន្តរភាពនៃការវិនិយោគទាំងអស់ របស់វិស័យឯកជន យើងត្រូវបន្តរួមគ្នាថែរក្សា “សន្តិភាព និងស្ថិរភាពនយោបាយ” ឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ដែលបានបណ្តាក់ទុន បើកដំណើរការផ្សាររាត្រីភូមិអាហារ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ សមស្របទៅនឹងកាលៈទេសៈនៃព្រឹត្តិការណ៍សង្គមកម្ពុជា ជាពិសេសគឺជាការត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត ដែលនឹង អញ្ជើញមកដើរកម្សាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយផ្សាររាត្រី ភូមិអាហារ នឹងក្លាយជាជម្រើសដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋក្នុងចំណុចប្រសព្វរវាងខណ្ឌប្ញស្សីកែវ និង ខណ្ឌជ្រោយចង្វារ ថែមទៀតផង។

ឯកឧត្តមបានថ្លែងផ្តាំផ្ញើឲ្យគណៈគ្រប់គ្រងផ្សារ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់-ចំណតរបស់អតិថិជន ចៀសវាងបង្កការកកស្ទះ ការរំខាននានាដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដោយត្រូវចាត់ទុកថា “ការរៀបចំសណ្តាប់ធ្នាប់-ចំណតជូនអតិថិជនបានល្អប្រសើរ គឺជាការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជាចំណុចទាក់ទាញមួយដ៏សំខាន់សម្រាប់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផងដែរ”។

ក្នុងឱកាសនោះដែរ លោក ខ្លីហ្វ កហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ផ្សាររាត្រីផ្លូវជាតិលេខ៥ គឺជាគម្រោងអភិវឌ្ឍន៍ពិសេសមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អីស្ទេត គ្រុប ដើម្បីឆ្លើយតបទៅនឹងទំនួលខុសត្រូវសង្គម ។ ផ្សារនេះមានស្តង់ជាង៣០០ ដែលមាន ទាំងអាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទ ដែលបានចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុង ទីក្រុងភ្នំពេញ។ គម្រោងនេះដែរគ្របដណ្ដប់លើផ្ទៃដីសរុប១,៨ហិកតា ដែលក្នុងនោះ មានវិថីពាណិជ្ជកម្ម ស្ដង់អាហារភេសជ្ជៈ និងផ្សារលក់រាយ ដែលអាចបំពេញនូវរាល់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការកម្សាន្ត និងការ សម្រាកលំហែផងដែរ៕

អត្ថបទដែលជាប់ទាក់ទង