ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល

44

 

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការអញ្ជើញ របស់ឯកឧត្តម Juan Miguel ប្រធានព្រឹទ្ធសភា និង ឯកឧត្តម Ferdinand Martin Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) ក្រោម មូលបទ “ភាពជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព”នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សេចក្ដីសម្រេចស្នើឡើងពីដំបូងសរុបចំនួន៣៧ ត្រូវបានសំយោគឱ្យមកនៅត្រឹមចំនួន១០ ហើយអង្គវេទិកា បានអនុម័ទាំង១០ ជាស្ថាពរ។ ក្នុងនោះ សភាកម្ពុជាបានសហការស្នើឡើងនូវសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសមាជិក សភាជាស្ត្រី។
វេទិកាទាំងមូលសុទ្ធតែឯកភាពគ្នាថា សភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម និងសំខាន់ឡើង នៅក្នុងវិស័យការទូតសភា ដោយមានការយោគយល់ និងគោរពគ្នាទៅវិញទៅមក ដើម្បីរួមចំណែក ថែរក្សាសន្តិសុខ និងបង្កើតច្បាប់ដែលជួយជម្រុញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចនៅក្នុងតំបន់។ អង្គវេទិកាបានអំពាវនាវ
ឱ្យជួយជម្រុញសូមឱ្យមានតំណាងរាស្ត្រស្ដីឱ្យបានច្រើន ហើយថែមទាំងបានសម្រេចឱ្យបង្កើតគណៈកម្មការសភាវ័យ
ក្មេងមួយ ស្មើមុខស្មើមាត់ដូចគណៈកម្មការដទៃទៀតរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ សូមគូសបញ្ជាក់ថា សិទ្ធិ នៃការប្រើប្រាស់លំហសមុទ្រ និងសន្តិសុខនៅឧបទ្វីបកូរ៉េ គឺជាប្រធានបទក្តៅគគុកពីរដែលនាំឱ្យមានការជជែក ពិភាក្សាគ្នាយ៉ាងផុសផុល ប៉ុន្តែនៅទីបញ្ចប់ តំណាងសភាពាក់ព័ន្ធបានឈានទៅដល់ចំណុចរួមមួយ ដែលធ្វើឱ្យ វេទិកាទាំងមូលអាចអនុម័តសេចក្ដីសម្រេចទាំង១០បាន។ ឯកឧត្តមប្រធានសភាហ្វីលីពីនបានអំពាវនាវថា ថ្វីត្បិត ដំណើរអភិវឌ្ឍន៍របស់ប្រទេសជាសមាជិក APPF មានល្បឿនមិនដូចគ្នា ប៉ុន្តែសូមចងចាំថា សមាជិក APPF មាន គោលដៅដូចគ្ន និងមានអនាគតរួមគ្នា ។ អ្វីដែលថ្មីគឺសភានៃសាធារណរដ្ឋហ្វីលីពីនបានស្ម័គ្រចិត្តបង្កើតលេខាធិការដ្ឋាន មួយរបស់ APPF នៅក្នុងរដ្ឋធានីម៉ានីល ចាប់ពីពេលនេះតទៅ ដើម្បីថែរក្សា និងជម្រុញប្រសិទ្ធភាពបន្ថែមទៀត នូវទស្សនៈខាងលើនេះ ។

បន្ថែមពីលើការចូលរួមកិច្ចប្រជុំនិងពិភាក្សានានាខាងលើ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជាបាន ដឹកនាំជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូរដ្ឋសភាហ្វីលីពីន រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម ព្រមទាំងជាមួយ អគ្គនាយកវិទ្យាស្ថាន ស្រាវជ្រាវស្រូវអន្តរជាតិ ដែលហៅកាត់ថា IRRI ជំនួបទាំងបួននេះបាននាំមកនូវការសន្យា ជួយគ្នាទៅវិញទៅមកក្នុងកម្រិតសភា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ដោយឡែក ឯកឧត្តមប្រធានសភា ហ្វីលីពីនបានសម្ដែងចេតនាចង់ឃើញកម្ពុជានាំអង្កចេញទៅទីផ្សារហ្វីលីពីន ឱ្យបានកាន់តែច្រើនថែមទៀត រីឯ វិទ្យាស្ថាន IRRI ក៏បានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេសផ្នែកដំណាំស្រូវតាមរយៈក្រសួងកសិកម្មកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង