ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង

120


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការត្រៀមរៀបចំពិធីបុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ខាងមុខ ដោយមានសមាសភាព ចូលរួមពីគណៈប្រតិភូក្រសួងទេសចរណ៍ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក សរុបប្រមាណជិត ១០០នាក់ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ ។

ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំរយៈពេល ៣ថ្ងៃ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩ ខាងមុខ ដោយមានព្រឹត្តិការណ៍ និងសកម្មភាពកីឡា ទេសចរណ៍វប្បធម៌ជាច្រើនដូចជា ការប្រកួតកីឡាលើទឹក លើគោក ពិធីដាំដើមឈើ ការរៀបចំសិក្ខាសាលា ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន។

ការរៀបចំពិធីបុណ្យទន្លេនេះ នឹងជាឱកាសដ៏ប្រសើរបំផុត ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងការអភិវឌ្ឍទឹកដី ហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្ត ការលើកកម្ពស់ការយល់ដឹង ជាសាធារណៈពីការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការចូលរួមសំអាតទីក្រុង ទីប្រជុំជន និងផ្ទះស្នាក់ប្រកបដោយភាពស្អាត ភាពបៃតង ភាពញញឹមរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ពិសេស ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខេត្ត បង្កើតមុខរបរ ប្រាក់ចំណូល និងបង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋាន។ ជាងនេះទៀត ខេត្តកំពង់ឆ្នាំង នឹងក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ ភាពស្អាត បៃតង និងបដិសណ្ឋារកិច្ចល្អ៕

អត្ថបទដែលជាប់ទាក់ទង