ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជពិធីបុណ្យអុំទូក កងកម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព

48

 

រាជធានីភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក កងកម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនាក្នុងកម្មវិធីពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រកបដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការតំបន់ ក-៩.១ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដកពិសោធន៍កិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមគោលដៅសំខាន់ៗ, តំបន់ A ច្រកបិទ-បើកផ្លូវចំនួន ១៩គោលដៅ, តំបន B ចែកជា៤ផែន (លិច,កើត,ជើង,ត្បូង) ជុំវិញបរិវេណព្រះបរមរាជវាំង។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់យកអស់កម្លាំងស្មារតី ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក។

ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានលើកឡើងដោយក្តីមោទនៈ ក្នុងពេលដែលឯកឧត្តម រួមជាមួយថ្នាក់ដឹកនាំនគរបាលជាតិ ចុះពិនិត្យតាមបណ្តាគោលដៅ សង្កេតឃើញបងប្អូនប្រជាពលរដ្ឋបង្ហាញពីភាពសប្បាយរីករាយក្រៃលែង ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីពង្រឹងកិច្ចការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា បើទោះបីសភាពការណ៍សន្តិសុខ រយៈពេល ២ថ្ងៃនេះ មានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែកងកម្លាំងយើងទាំអស់ ត្រូវតែបន្តខិតខំបន្ថែមទៀតសម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងទាំងអស់ផងដែរ ចំពោះការខិតខំរយៈពេល ២ថ្ងៃកន្លងទៅ និងបានលើកឡើងអំពីសណ្តាប់ធ្នាប់ ដោយបងប្អូនអាជីករដាក់តាំងលក់របស់របរ ចំណីអាហារមានរបៀបរាបរយល្អ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសធ្វើដំណើរកម្សាន្តសប្បាយប្រកបដោយសុវត្ថិភាព។

ដោយឡែកនៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទុក ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការតំបន់ ក-៩.១ បានក្រើនរំលឹក និងផ្តាំផ្ញើឲ្យកងកម្លាំងគ្រប់បណ្តាគោលដៅទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ពង្រឹងលើកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ថ្វាយអង្គព្រះមហាក្សត្រ ក៏ដូចជាជូនថ្នាក់ដឹកនាំកំពូលៗព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋ និងជនបរទេស។ ទន្ទឹមនោះ ឯកឧត្តម ក៏បានស្នើឲ្យកងកម្លាំងទាំងអស់ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពវិន័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ទទួលបានជោគជ័យ។

យោងតាមរបាយការណ៍របស់ អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៩:០០យប់ ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣) សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានបងប្អូនប្រជាពលរដ្ឋប្រមាណ ១.៧០០.០០០នាក់ ចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ជារួមមានភាពល្អប្រសើរ ដោយពុំមានហេតុការណ៍អ្វីគួរឲ្យកត់សម្គាល់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង