ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាសូហ្វតិន្នីសចេញទៅប្រកួតជើងឯកយុវជនពិភពលោកលើកទី៣នៅកូរេ

183


​ភ្នំពេញ:អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាគឺលោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងបានថ្លែងក្នុង
សន្និសីទកាសែតនាព្រឹកថ្ងៃទី២៧តុលាថានៅថ្ងៃទី២៨តុលា លោកនឹងដឹកនាំក្រុមកីឡាសូហ្វតិន្នីសវ័យក្មេងរបស់កម្ពុជា
ទៅចូលរួមប្រកួតជើងឯកពិភពលោកលើកទី៣នៅទីក្រុងSuncheon សាធារណរដ្ឋកូរេ ។

​ព្រឹត្តិការណ៍3rd World Junior Soft Tennis Championship 2018 Suncheon Koreaនេះកម្ពុជាទើប
តែទៅចូលរួមប្រកួតជាលើកដំបូងនេះទេក្នុងចំណោម ការប្រកួតទាំង៣លើកកន្លងមក ។កម្ពុជាបញ្ជូនកីឡាករចំនួន៧រូប និង កីឡាការិនីចំនួន៥រូបទៅចូលរួមដែលពួកគេស្ថិត ក្នុងវ័យយុវជនដែលមានអាយុក្រោម១៥ឆ្នាំ ក្រោម១៨ឆ្នាំ និងក្រោម២១ឆ្នាំ ។

​លោកបានចាត់ទុកថានេះជាការចូលរួមប្រកួតសាកល្បង ដើម្បីវាស់ស្ទង់ពីសមត្ថភាពកីឡាករ-កីឡាការិនីរបស់
កម្ពុជាក្នុងពិភពលោកព្រោះនេះជាលើកដំបូង ហើយដែលក្រុមកីឡាវ័យក្មេងទាំងនេះចេញទៅប្រកួតកម្រិតពិភពលោក
ដែលមានប្រទេសចូលរួមប្រមាណជាង២០ប្រទេស ។ចំណោម៣ប្រភេទអាយុនេះលោកមានជំនឿចិត្តលើកីឡាករ-
កីឡាការិនីវ័យក្មេងចំនួន៤រូបដែលស្ថិតក្នុងអាយុក្រោម១៥ឆ្នាំ ។

​ការចេញទៅប្រទេសកូរេលើកនេះគឺចេញទៅរយៈពេលយូរដោយសារ ចូលរួម៣ព្រឹត្តិការណ៍គឺការបោះជម្រំហ្វឹកហាត់ជាមួយបណ្ដាប្រទេសនានា បន្តាប់មកចូលរួមក្នុងព្រឹត្តិការណ៍Korea-Cup និង ព្រឹត្តិការណ៍3rd World Junior Soft Tennis Championship 2018 Suncheon Korea ។

សូមបញ្ជាក់ថាកីឡាសូហ្វតិន្នីសកម្ពុជាទើបតែបញ្ចប់ការប្រកួតជើងឯក អាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីនដោយដណ្ដើម បានមេដាយចំនួន១១គ្រឿងក្នុងនោះមេដាយមាស២គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរិទ្ធចំនួន៥គ្រឿង ។

​ប្រភេទកីឡានេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទើបតែមានប្រទេស ចំនួន៧ប៉ុណ្ណោះដែលលេងហើយប្រទេសដែលឈរក្នុងលំដាប់លេខ១ គឺឥណ្ឌូនេស៊ី លេខ២ថៃ និងលេខ៣កម្ពុជា ។សម្រាប់កម្រិតពិភពលោកទើបតែមានជាង២០ប្រទេសទេ ដែលលេងកីឡានេះ ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថាសម្រាប់សូហ្វតិន្នីសរបស់លោកគឺលោកមិនចង់ឈ្នះប្រទេសដែលធ្លាប់ឈ្នះនោះទេ តែលោកចង់ឈ្នះប្រទេសដែលធ្លាប់ឈ្នះកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង