ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផៃ្ទ ៖ សំណើសុំលើកលែងការបង់កម្រៃសេវា និងពន្លឿនៃសេវាសាធារណៈ ដើម្បីបម្រើឱ្យការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ

121

 

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃពុធ ទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញលិខិតជម្រាបជូនឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត សំណើសុំលើកលែងការបង់កម្រៃសេវា និងពន្លឿនការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋ។

បើតាមឯកឧត្តមរដ្ឋមន្ត្តីក្រសួងមហាផ្ទៃ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋជាការងារអាទិភាព និងត្រូវ អនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ក្នុងគោលបំណងធានាកម្មសិទ្ធិលើដីធ្លី ពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដើម្បីភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ក្នុងការចុះបញ្ជីដីធ្លីនេះ តម្រូវឱ្យប្រជាពលរដ្ឋរៀបចំឯកសារភ្ជាប់មួយចំនួន ក្នុងនោះក៏មាន ឯកសារភ្ជាប់ដែលស្ថិតក្រោមសមត្ថកិច្ចពិនិត្យសម្រេចរបស់រដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដូចជា៖ ការធ្វើនីត្យានុកូលកម្មលើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការចេញសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់ មរណភាព និងការចេញលិខិតបញ្ជាក់ទាយាទជាដើម។

ហេតុដូច្នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីនេះ ក្រសួងមហាផ្ទៃ សូមស្នើ ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត អនុវត្តការងារមួយចំនួនដូចខាងក្រោម៖

ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំ និងដាក់ចេញដីកា ស្តីពីការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ

ណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ ខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានី ខេត្តត្រូវចាត់តាំងក្រុមការងារចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការអនុវត្តការងារនេះ ព្រមទាំងត្រូវធ្វើរបាយការណ៍ឱ្យបាន ជាក់លាក់ មកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង