សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ”
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើ ប្រភពទឹកស្ទឹងចំនួន ២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក ២ ភ្ជាប់គ្នា ទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០ មេហ្គាវ៉ាត់ ។
ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះផងដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕