ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលជាតិនិងស៊ីម៉ាក់​ រួមគ្នាការកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

128

 


ភ្នំពេញ ៖ កម្ពុជាបានពង្រឹងនិងផ្លាស់ប្តូរយុទ្ធសាស្ត្រ ការងារអប់រំ យល់ដឹង ពីមីន/សំណល់ជាតិផ្ទុះ ពីសង្គ្រាមនេះជាង១៥ឆ្នាំហើយ​ ដោយជំរុញយន្តការពង្រឹង ភាពជាម្ចាស់និងម្ចាស់ការអប់រំ និងទទួលខុសត្រូវនៅមូលដ្ឋានផ្ទាល់ និងបញ្ចូលកម្មវិធីសិក្សា​តែម្តង។ វិធានការនេះ មានប្រសិទ្ធភាពខ្ពស់ និងជាធាតុចូលប្រកបដោយនិរន្តរភាពសម្រាប់អនាគត នៃការដោះស្រាយវិបតិ្តនេះ។ ជាក់ស្តែងកម្លាំងនគរបាលជាតិនិងកម្លាំងស៊ីម៉ាក់ បានសហការគ្នាឈានដល់កម្ទេចចោលគ្រាប់គ្រប់ប្រភេទជាង​ កន្លះលានគ្រាប់មកហើយ។ ហើយស៊ីម៉ាក់មានកម្លាំងស្ម័គ្រចិត្តជាង២.៥០០នាក់ ពង្រាយនៅជាង៧០០ភូមិ។ ខាងវិស័យអប់រំ ក៏បានចូលរួមផងដែរ ដោយរួមគ្នារៀបចំក្នុងកម្មវិធីសិក្សាតែម្តង។ នេះជាយុទ្ធសាស្ត្រដោះស្រាយវិបត្តិយូរអង្វែងរបស់យើង។នេះបើតាមការឲ្យដឹងពីលោកហេង រតនា អគ្គនាយកស៊ីម៉ាក់។

នៅល្ងាចថ្ងៃព្រហ្បត៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការនគរបាលជាតិ​ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោកនាយឧត្តមសេនីយ៍​ សួស​ អង្គារ៍​ អគ្គស្នងការរងនគរបាលជាតិ​ ជាប្រធានគណៈកម្មការគ្រប់គ្រងអាវុធជាតិផ្ទុះ​ ដោយបានទទួលការឯកភាពពីសម្តេចក្រឡាហោម​ និងលោកនាយឧត្តមសេនីយ៍​អគ្គស្នងការនគរបាលជាតិ​ បានចុះហត្ថលេខា លើកិច្ចសហការគ្នា​ ពង្រឹងលើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោក ហេង រតនា បានថ្លែងថា កងកម្លាំងនគរបាលជាតិ កន្លងមកក៏ដូចជាបច្ចុប្បន្នបានរួមចំណែក យ៉ាងសកម្មក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយ ជាដៃគូយ៉ាងសំខាន់ ដែលមិនអាចខ្វះ បានក្នុងការសហការលើការងារផ្សព្វផ្សាយអប់រំ ការផ្ដល់ព័ត៌​មានឈានទៅដល់ការរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការកម្ទេច​ចោល ។ វិធានការនេះជាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។

លោក នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ទទួលបានបទពិសោធន៍ ចំណេះដឹងថែមទៀត លើការងារផ្សព្វផ្សាយអប់រំ យល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសត្រូវការចាំបាច់ក្នុងការហ្វឹកហ្វឺន បណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពដល់នគរបាលជំនាញ អំពីបច្ចេកទេសវាយតម្លៃភាពគ្រោះថ្នាក់ ការបន្សាប និងការកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រោះ ។

លោកនាយឧត្ដមសេនីយ៍អគ្គស្នងការរង កម្លាំងនគរបាលក៏ត្រូវការកិច្ចសហការលើការបំផ្លាញចោលនូវអាវុធ គ្រាប់ដែលខូចគុណភាព ឬលើសតម្រូវការប្រើប្រាស់ ដើម្បីបង្ការ រាំងស្កាត់កុំឲ្យអាវុធ គ្រាប់ទាំងនោះធ្លាក់ដល់ដៃជនល្មើស ឬភេវករ ។

លោកហេង​ រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានបញ្ជាក់ថា ការសម្រេចចុះ MoU នេះ ដោយយល់ឃើញថា កងកម្លាំងនគរបាលជាតិកន្លងមក ក៏ដូចជាបច្ចុប្បន្នបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយជាដៃគូយ៉ាងសំខាន់​ ដែលមិនអាចខ្វះបាន ក្នុងការសហការលើការងារផ្សព្វផ្សាយអប់រំ ការផ្ដល់ព័ត៌មានឈានទៅដល់ការរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការកម្ទេចចោល ។ ដូច្នេះ CMAC មានបំណងផ្ដល់ការបណ្ដុះបណ្ដាលទាំងការងារផ្សព្វផ្សាយអប់រំ ក៏ដូចជាការងារវាយតម្លៃ និងកម្ទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីកសាងសមត្ថភាពនគរបាលឲ្យមានជំនាញ ដូចប្រតិបត្តិករកំចាត់មីនអាជីព ។​

លោក ហេង រតនា កងកម្លាំងនគរបាល និង CMAC បានសហការគ្នាជាយូរមកហើយ ក្នុងនោះបានកសាងកម្លាំងបណ្តាញស្ម័គ្រចិត្តភូមិរហូតដល់ ២៥០០នាក់ រហូតដល់បច្ចុប្បន្ននេះដែលយើងមាន លើជិត ៧០០ភូមិ ដែលយើងកំពុងតែប្រតិបត្តិការជាតំនប់ដែលមានអាទិភាពខ្ពស់ដែលមានបញ្ហាច្រើន ហើយការចុះ MOU នៅថ្ងៃនេះ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរួមគ្នារក្សាបាននូវសុខសន្តិភាពឲ្យកាន់តែប្រសើរ ជាពិសេសក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលធ្វើឲ្យកិច្ចការនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា ។

បើតាមខ្លឹមសារអនុស្សរណៈ នៃការយោគយល់នេះ គឺធ្វើឡើងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលមាន​ប្រសិទ្ធភាពអនុវត្តសម្រាប់រយៈពេល៥ឆ្នាំដំបូង ឬអាចបន្ដបានរយៈពេល៥ឆ្នាំបន្ទាប់ទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង