ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួបលើកទី ១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះមហាក្សត្រកម្ពុជា

118


ភ្នំពេញ៖ ផេកព្រះបរមរាជវាំង Royal du Cambodge បានផ្សាយថា សូមថ្វាយព្រះសព្ទសាធុការពរខួបអនុស្សាវរីយ៍លើកទី ១៤ឆ្នាំ ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នាវេលាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួបទី ១៤ នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

បពិត្រ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ជាទីគោរពសក្ការៈ​ និងជាទី​ស្រលាញ់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​នៃ​ប្រជានុរាស្ត្រកម្ពុជា​។ នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ​ ព្រះ​រាជពិធី​បុណ្យ​គម្រប់ ១៤​ ព្រះ​វស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ​ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង តាងនាម​ទូលព្រះ​បង្គំ​ជា​ប្រជានុរាស្ត្រ​ មាន​សេចក្ដី​សោមនស្ស​រីករាយ​ សូម​លំឱនកាយ​លើ​កហត្ថ​ប្រណម្យ​បង្គំ​អញ្ជលី​ សូម​បួងសួង​ដល់​គុណ​បុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី​ អស់វត្ថុសក្តិសិទ្ធក្នុង​លោក​ ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតឆ្ឆត្រ​ គុណ​បុណ្យ​ព្រះ​បារមី​អតីត​ ព្រះ​មហាក្សត្រ​ ព្រះ​មហាក្សត្រី​យានី​ខ្មែរ​គ្រប់​ព្រះអង្គ​ ជា​ពិសេស​បារមី​តេជា​នុភាព​ ព្រះ​វិញ្ញាណក្ខន្ធ​ នៃ​ព្រះ​ករុណា​ ព្រះ​បរម​រតនកោដ្ឋ​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សូម​មេត្តា​តាម​ជួយ​គ្រងអភិបាលថែ​រក្សា​ការពារ​ និង​ប្រោះព្រំ​នូវ​ទឹក​អម្រឹត​ប្រទាន​ព្រះ​រាជ​សព្ទសាធុការពរ​ បវរ​សួរស្តី សិរីវឌ្ឍនាជយាមង្គល វិបុលសុខមហាប្រសើរ​ថ្វាយ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទសម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃ​ប្រជានុរាស្ត្រ​កម្ពុជា​ សូម​ព្រះ​អង្គ​ ព្រះប្រកប​តែ ​ព្រះ​បរម​សុខ​គ្រប់​ប្រការ​ ព្រះ​រាជ​សុខ​ភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយ​ពល​មាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា​ ដើម្បីគង់​ប្រថាប់​ជា​ មហាម្លប់ដ៏ត្រជាក់ ដល់កូនចៅប្រជានុរាស្រ្ត​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដរាប​តរៀងទៅ​។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា ២០០៤-២៩ តុលា ២០១៨)ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះរាជានុញ្ញាត តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវមនោសញ្ចេតនា ដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ស្មោះស្ម័គ្របំផុត ចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហាធម៌ ប្រកបដោយទសពិធរាជធម៌ របស់ព្រះករុណា ជាពិសេសចំពោះជាតិមាតុភូមិ​ និងប្រជានុរាស្ត្រ។
ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងវិស័យការបរទេស របស់ព្រះករុណាជាអម្ចាស់ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រីកនីតិរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ជាតិឱ្យកាន់តែមានសន្ទុះរីកចម្រើន ជឿនលឿនខ្លាំងក្លាបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខដល់ប្រជានុរាស្ត្រ របស់ព្រះអង្គជានិច្ចនិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង