សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីកាផ្សព្វផ្សាយ ជុំវិញករណិ បង្ខាំងមនុស្សនិងធ្វើទារុណកម្មទៅលើអ្នកសារព័ត៌មានដែលធ្វើការថតឡាយ អំពីក្រុមឈ្មួញរកស៊ីដឹកឈើ
ខេត្តកំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីនៃការបង្ហោះ និងចែកចាយតាមបណ្ដាញសង្គម នូវរូបភាពវីដេអូ អំពីបុរសម្នាក់ ឈ្មោះ អឹម ហាច ដែលត្រូវបានមនុស្សមួយក្រុមចាប់ចងដៃ ចងជើងទាំង២ ក្នុងស្ថានភាពគ្មានអាវ ខ្លួនប្រឡាក់ដី និងស្លៀកខោជើងខ្លី។
ក្រោយរងការ«ចាប់ចងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ»ពីសំណាក់ជន១ក្រុម និងបានប្រគល់ឱ្យសមត្ថកិច្ចឃាត់ខ្លួន សួរនាំ រយៈពេល២យប់ នោះមក។ លោក អ៊ឹម ហាច”ហៅជាងហាចជាងហួយ”នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
បន្ទាប់ពីប្រពន្ធនិងកូន ស្រែកយំសោកបោកខ្លួនតាមបណ្ដាញសារព័ត៌មាន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ថា ”ប្ដីខ្លួនត្រូវគេលាបពណ៌ទម្លាក់កំហុស ធ្វើទារុណកម្ម.យ៉ាងឃោឃៅ និងរងភាពអយុត្តិធម៌បំផុត”។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញសារព័ត៌មានទទួលបាននាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ ។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នេះ មានការបង្ហោះ និងចែកចាយតាមបណ្តាញសង្គម នូវរូបភាពវីដេអូ អំពី បុរសម្នាក់ ត្រូវបានមនុស្សមួយក្រុមចាប់ចងដៃ ចងជើងទាំងពីរ ក្នុងស្ថានភាពគ្មានអាវ ខ្លួនប្រឡាក់ដី និងស្លៀកខោជើងខ្លី។ ករណីនេះ រដ្ឋរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកនិយមតាមដានីតាមបណ្តាញសង្គម មេត្តាជ្រាបថា ៖ ករណីនេះ បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី នៅភូមិប៉ាណា ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយជនត្រូវបានគេដឹងឈ្មោះថា អ៊ុម ហាច ភេទប្រុស អាយុ ៣៧ឆ្នាំ បានអះអាងខ្លួនឯងថា ជាភ្នាក់ងារសារព័ត៌មាន “សានព្រហ្ម”។ ហើយភាគីអ្នកចាប់ចង គឺជាភាគីប្រជាពលរដ្ឋដែល មានឈ្មោះ ១. សោ ចាន់ណារី ភេទប្រុស អាយុ២៨ឆ្នាំ, ២. ម៉ោង គីមហ៊ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ, ៣. អូន គឹមអាង ភេទប្រុស អាយុ ៣២ឆ្នាំ និង៤. អ៊ឹម ផែន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
ចំពោះដើមហេតុនៃរឿងនេះ គឺលោក អ៊ុម ហាច បានចោទប្រកាន់ ភាគីប្រជាពលរដ្ឋថាបានគុំខឹងនឹងខ្លួន ដែលបានថតផ្សាយវីដេអូដឹកឈើតាំងពីពេលថ្ងៃ ហើយដល់ពេលយប់បានតាមដេញផ្ដួលម៉ូតូ និងចាប់ចងគាត់នៅ ចំណុចផ្ទះលក់គ្រឿងសំណង់យីហោ លី សេងហុង។ ប៉ុន្តែតាមការបំភ្លឺរបស់ប្រជាពលរដ្ឋទាំង ៤រូប គឺបានបញ្ជាក់ថា ឈ្មោះ អ៊ុម ហាច បានចូលក្នុងផ្ទះរបស់ពួកគាត់ដោយគ្មានការអនុញ្ញាត នៅចន្លោះម៉ោង ២២:០០នាទី ទៅ ម៉ោង២៣:០០នាទីយប់នាថ្ងៃ ខែ ឆ្នាំដដែល បានធ្វើសកម្មភាពថតទីកន្លែងទុកដាក់ឈើ។
ករណីនេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកជើងព្រៃ និងស្នងការនគបាលខេត្ត ក្រោមការសម្រប សម្រួលនីតិវិធីដោយតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការនាំខ្លួនសាកសួរភាគីទាំងពីរ ប្រមូលភស្តុតាង និងបានធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានរកឃើញនូវលទ្ធផលដូចខាងក្រោម៖
-១. ករណីនេះ គឺជាបញ្ហាជម្លោះកើតឡើងរវាងបុគ្គល និងបុគ្គល ពុំមានពាក់ព័ន្ធថាសមត្ថកិច្ចនគរបាលទៅ ចាប់ចង ឈ្មោះ អ៊ឹម ហាច ឡើយ។ ផ្ទុយទៅវិញ សមត្ថកិច្ចនគរបាលកំពុងធ្វើការប្រមូល នឹងចងក្រងសំណុំរឿងដើម្បីផ្តល់នូវយុត្តិធម៌ជូនភាគីទាំងសងខាង។
-២. ឈ្មោះ អ៊ុម ហាច ធ្លាប់ជាអ្នកសារព័ត៌មាន នៅអង្គភាពស៊ីអិនអិម (CNM) តែត្រូវបានអង្គភាពនេះ បញ្ឈប់ចេញពីអង្គភាពកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ
ឈ្មោះ អ៊ុម ហាច ពុំទាន់មានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការ នៅស្ថាប័នសារព័ត៌មានណាមួយឡើយ។
-៣. ចំពោះករណីដឹកឈើដែលជាកម្មវត្តក្នុងការផ្សាយរបស់ លោក អ៊ុម ហាច គឺជាឈើដែលប្រជាពលរដ្ឋ បានទិញពីដេប៉ូស្របច្បាប់ (ច្បាប់អនុញ្ញាតរបស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លេខ ២១/២៣ ខរព/កច ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣) ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
-៤. លោក អ៊ុម ហាច បានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងបរិវេណគេហដ្ឋានរបស់ភាគីប្រជាពលរដ្ឋ ដោយ គ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយឡែក ភាគីខាងប្រជាពលរដ្ឋ សារភាពថា ពួកខ្លួនបានព្យាយាមប្រតាយ ប្រតប់ ដើម្បីចាប់ ជនសង្ស័យ ហើយនាំខ្លួនប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ដោយមិនមានចេតនាក្នុងការប្រើប្រាស់អំពើហិង្សា ឬអំពើទារុណកម្ម ផ្លូវកាយទៅលើលោក អ៊ុម! ហាច ឡើយ។ ជាមួយគ្នានេះ ភាគីទាំងសងខាងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្តរៀងៗខ្លួន និងស្នើសុំដកពាក្យបណ្ដឹង ដោយសន្យាកែប្រែខ្លួន មិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់
ទៀតឡើយ។
-៥. ក្រោយពីបានបើកការស៊ើបអង្កេតចប់សព្វគ្រប់ តំណាងអយ្យការបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ អនុញ្ញាតឲ្យជនសង្ស័យទាំងអស់វិលត្រឡប់ទៅផ្ទះមានសេរីភាពឡើងវិញ និងបន្តចំណាត់ការតាមនីតិវិធីជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំបន្ត បង្ហោះ និងចែកចាយអត្ថបទ និងរូបភាពណាមួយដែលនាំឲ្យមានការយល់ច្រឡំ ឬរំខានដល់ការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចឡើយ ។
សូមជម្រាបថាៈ ករណីចាប់មនុស្សចងធ្វើទារុណកម្មនេះ បានកើតឡើង នៅចិញ្ចើមផ្លូវជាតិលេខ៦ មុខក្លោងទ្វារ”វត្តសុគន្ធារាម”ស្ថិតនៅភូមិប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយជនរងគ្រោះ អ៊ឹម ហាច ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិតាសែន ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យឈ្មោះ អ៊ឹម ផែន ភេទប្រុសរួមនិងបក្ខពួកចំនួន៣នាក់ទៀត ដែលនឹងត្រូវដោះលែងផងដែរ ក្រោមការសម្របសម្រួល ដកពាក្យបណ្ដឹងរៀងៗខ្លួន។
សេចក្ដីរាយការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារសៀលថ្ងៃទី០២ ខែធ្ន ឆ្នាំ២០២៣ លោក អ៊ឹម ហាច បានទៅឡាយផ្ទាល់ អំពីរ៉ឺម៉កដឹកឈើ នៅកន្លែងកើតហេតុ ភ្លាមៗនោះ ក៏មានអ្នកសម្របសម្រួល សុំឱ្យលុបការឡាយផ្ទាល់ផងដែរ ប៉ុន្តែលោក អ៊ឹម ហាច មិនព្រមលុបតាមសំណើរឡើយ ដោយរូបគាត់បានមកផ្ទះវិញ។ មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកស្គាល់គ្នា បបួលលោក អ៊ឹម ហាច ទៅផឹកស៊ីក្បែរកន្លែងកើតហេតុ។
លុះដល់ពេលកើតហេតុ លោក អ៊ឹម ហាច បានជិះម៉ូតូចេញពីកន្លែងផឹកស៊ីដើម្បីវិលត្រឡប់មកផ្ទះរបស់ខ្លួន ប៉ុន្តែដោយមិនអស់ចិត្តលោក អ៊ឹម ហាច ក៏បានជិះម៉ូតូឆ្វែលទៅមើលកន្លែងរ៉ឺម៉កដឹកឈើ ដែលខ្លួនបានថតឡាយកាលពីរសៀល។
ពេលទៅដល់ ស្រាប់តែលេចមុខឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក៣នាក់ទៀត មកស្ទាក់វ៉ៃ និងធាក់ម៉ូតូលោក អ៊ឹម ហាច បណ្ដាលឱ្យដួលលើផ្លូវលំ ហើយពួកគេស្រែកថា «ជាងហាច ជាងហួយ រំលោភចូលលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ»
មិនតែប៉ុណ្ណោះឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក បានចាប់លោក អ៊ឹម ហាច ចងដៃចងជើងអូស ននៀលភក់មកក្បែរចិញ្ចើមផ្លូវជាតិលេខ៦ មើលទៅគួរឱ្យសង្វេគនិងខ្លោចផ្សារបំផុត។
ដោយថែមទាំងនាំគ្នា វាយតប់ជាន់ក.លោក អ៊ឹម ហាច ទាំងដៃជើងជាប់ចំណង និងថតបង្ហោះហ្វេសប៊ុក រួចចោទថា លោក អ៊ឹម ហាច រំលោភលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ ទាំងកណ្ដាលយប់ទៀតផង។ ទាក់ទិនករណីនេះ ក្រោយបើកការស៊ើបអង្កេតសួរនាំសមត្ថកិច្ចរកឃើញថា លោក អ៊ឹម ហាច បានចូលថតទីតាំងស្តុកឈើក្នុងដីឡូត៍គេ ដោយគ្មានការអនុញ្ញាតជាកំហុស១ក្នុងបទ”រំលោភលំនៅឋាន”។
ចំណែកឯភាគីលោក អ៊ឹម ផែន រួមនិងបក្ខពួក ដែលពួកគាត់បានចាប់ចង ដៃជើងធ្វើទារុណកម្មលើលោក អ៊ឹម ហាច ជាកំហុស១ក្នុងបទ”ប្រើប្រាស់អំពើហិង្សាដោយចេតនា”។
ជុំវិញករណីនេះ ក្រោមការសម្របសម្រួលពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំផ្ទាល់ដោយ
លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម និងមានការអនុញ្ញាតពីឯកឧត្ដមព្រះរាជអាជ្ញាខេត្តកំពង់ចាម ទើបភាគីទាំង២ សុខចិត្តដកពាក្យបណ្ដឹងរៀងខ្លួន និងបានវិលត្រឡប់មកផ្ទះរៀងៗខ្លួនវិញ៕