សមត្ថកិច្ចនគរបាលបំបែកសំណុំរឿងឃាតកម្ម ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលវាយបុរសម្នាក់ឲ្យបាត់បង់ជីវិតភ្លាមៗ
ស្រុកបាណន់៖ ដោយសារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក, ជនសង្ស័យម្នាក់ប្រើដំបង និងពូថៅវាយ និងកាប់ជនរងគ្រោះរហូតដល់ស្លាប់ នៅចំណុចកើតហេតុ។ ករណីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ១បានចុះប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណី ឃាតកម្ម (ប្រើដំបង និងពូថៅ) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។
សូមរំលឹកថា នៅថ្ងៃ ទី ៤ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង ១៤ និង០០ នាទី នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបា ណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលា ដំបូង ខេត្តបាត់ដំបងផងនោះ កម្លាំងនគរបាលការិយាល័យជំនាញនគរបាល ព្រហ្មទណ្ឌកម្រិត ធ្ងន់ដែលមានលោករសេនីយ៍ឯក ផង់ សុភាព ជាស្នងការរងទទួលដឹកនាំ និងលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ លោកនាយរងការិយាល័យនិងមន្រ្តីពាក់ព័ន្ធរួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ដែលមានលោកវរ សេនីយ៍ទោ សំ វីរៈ ជាអធិការការ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ១បានចុះប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណី ឃាតកម្ម (ប្រើដំបង និងពូថៅ) ១ករណីនិងបានធ្វើការនាំខ្លួនជន សង្ស័យ១នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ គឺឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំណុចដំណាក់ ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុក។
សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៣ មានការភ្ញាក់ផ្អេីលមួយដោយសារប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ សួន ហ៉ីង ភេទប្រុសអាយុ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ឃុំកន្ទឺ២ស្រុកបាណន់ ខេត្តបាត់ដំបង ដេកស្លាប់នៅក្នុងគុម្ពោត ព្រៃស្ថិតនៅវាលស្រែភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់ ខណៈខណៈដែលក្រុមគ្រួសារបស់សពបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុកឱ្យជួយស្វែងរកត្បិតជនរងគ្រោះខាងលើបានចេញពីផ្ទះថាទៅបូមទឹកដាក់ស្រែតាំងពីយប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ ហើយបាត់ដំណឹងសូន្យឈឹងរហូតមក។
តាមលទ្ធផលនៃការពិនិត្យកន្លែងកើតហេតុនិងលើសាកសព សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយករណីឃាតកម្ម ទើបផ្តើមធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ រហូតដល់ការកំណត់អត្តសញ្ញាណជនដៃដល់និងឈានដល់ការឃាត់ខ្លួនតែម្តង ហើយដកហូតបាន៖ – ពូថៅ ចំនួន ១ដើម – ដំបង ចំនួន ១ដើម – ពិលពាក់ក្បាល ចំនួន ១ និងខោជើងវែងពណ៌ខ្មៅ(ស្លៀក ពេលធ្វើសកម្មភាព) ចំនួន ១ ។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់រូបនេះបានឆ្លើយសារភាពថា រូបគេ ពិតជាបានវាយ និងកាប់ជនរងគ្រោះឈ្មោះ សួន ហ៊ីង រហូតដល់ស្លាប់ នៅចំណុចកើតហេតុខាងលើ ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ រីឯមូលហេតុដែលនាំទៅដល់ការកាប់សម្លាប់បែបនេះ គឺដោយសារខឹងជនរងគ្រោះ តែងតែមកឆក់ត្រី នៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។
ពេលនេះនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕