ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំអោយលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ
ភ្នំពេញ ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ខណ្ឌកំបូល នៅវិមាន ពិភពថ្មី ស្ថិតក្នុងបុរីពិភពថ្មីកំបូល ផ្លូវលេខ ២E ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរផ្ទាល់មាត់ចំនួន១៤នាក់ ដោយស្នើសុំអោយរដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិដ្ឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ ជួយអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ សុំជួយដាក់ភ្លើងស្តុបជាដើម។
លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានលើកឡើងថា ការលើកឡើងជាសំណើរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ដូចជាសុំស្ថាបនាផ្លូវ ការតណ្តាញទឹក ការស្តារប្រឡាយជាដើមនោះ មានសំណើរខ្លះគឺមាននៅក្នុងគម្រោងរបស់រាជធានី ខណ្ឌហើយ ហើយអ្វីដែលមិនមាននៅក្នុងគម្រោង យើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។ ដោយឡែកចំពោះការសុំអោយ អន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ រដ្ឋបាលខណ្ឌនឹងអោយអភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែអ្នកអនុវត្តនៃការជីកកកាយទួលបុរាណនោះខាងក្រសួងវប្បធម៌ជាអ្នកអនុវត្ត។
លោកស៊ុយ សេរិទ្ធ បានថ្លែងថា ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំអោយលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងការងារនេះដែរ រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានគិតគូរណាស់ ។ជាទិសដៅខាងមុខនេះ រាជរដ្ឋាភិបាល មានគម្រោងធំមួយ ដោយនឹងប្រើប្រាស់ថវិការហូតដល់រាប់រយលានដុល្លារ ដើម្បីដោះស្រាយ ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ ។ គម្រោងនេះមួយផ្នែក ត្រូវដោះស្រាយលើការបង្វែរផ្លូវទឹក កុំអោយចូលមករាជធានីភ្នំពេញនិងមួយផ្នែកទៀត បង្កើតនូវប្រព័ន្ធលូ ប្រឡាយដើម្បីរំដោះទឹកចេញ។
តម្រូវការប្រជាពលរដ្ឋពិតជាច្រើន ប៉ុន្តែថវិការបស់យើងនៅមានកម្រិត ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងដោះស្រាយតែចំពោះ តែគម្រោងណាដែលចាំបាច់បំផុត ប៉ុណ្ណោះ សម្រាប់សំណើរផ្សេងទៀតយើងនឹងដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលទេ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។
លោកម៉ប់ សារិន បានថ្លែងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ។ វេទិកានេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។
វេទិកានេះ ក៏ចង់បង្ហាញអោយឃើញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបំរើប្រជាពលរដ្ឋកន្លងមក ថាតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈ បានកាន់ល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕