អង្គការ WCS បង្ហាញថា អណ្តើកហ្លួង កំពុងតែប្រឈមទៅនឹងកត្តាគំរាមកំហែងតាមរយៈ ការធ្វើអាជីវកម្ម បូមខ្សាច់និងការនេសាទខុសច្បាប់
ភ្នំពេញ៖ ចំនួនអណ្តើកហ្លួងកំពុងតែថយចុះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និង ត្រូវបានកត់ត្រាក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្ដើកជិតផុតពូជបំផុត។ នៅក្នុង ប្រទេសកម្ពុជា វាក៏កំពុងតែប្រឈមទៅនឹងកត្តាគំរាមកំហែងតាមរយៈ ការធ្វើអាជីវកម្ម បូមខ្សាច់និង ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រកដោយសារមានការរំលោភយកដី ខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹក។
ប្រភពពី អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ថា អណ្ដើកហ្លួងធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាផុតពូជពីប្រទេសកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលដែល រដ្ឋបាលជលផល និង អង្គការWCS បានសិក្សាស្រាវជ្រាវ រកឃើញចំនួនសេសសល់តិចតួចនៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា។
យើងរាល់គ្នាគួរតែមានមោទកភាពដែលប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះ សូមចូលរួមក្នុងកិច្ចការងារអភិរក្សសត្វព្រៃ និង អណ្តើកហ្លួង ដោយគ្រាន់តែ ចែករំលែកនូវព័ត៌មានអំពីជីវៈសាស្រ្តសត្វនេះ និង សូមកុំជាវទំនិញឬផលិតផលដែលផលិតចេញពីសត្វព្រៃទាំងអស់គ្នា ៕ សំរិត