ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រកចាប់ក្រុមមេក្លោង ករណីធ្វើសកម្មភាព នៃការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៌ស្ថិតនៅតំបន់ការពារទឹកស្អាតក្បាលឆាយ(អូរតាអឺង)

59

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីសកម្មភាព នៃការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៌ស្ថិតនៅតំបន់ការពារទឹកស្អាតក្បាលឆាយ(អូរតាអឺង) ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា កាលពីព្រឹកថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត បានទទួលព័ត៌មានអំពីសកម្មភាព នៃការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៏ស្ថិតនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ(ចំណុចអូរតាអឹង) ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ តាមអនុក្រឹត្យលេខ ១២ អនក្រ.បក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា ការប្រមូលស្នាមមេដៃប្រជាពលរដ្ឋស្នើសុំដីឡូត៏ ខាងលើនេះ គឺប្រជាពលរដ្ឋម្នាក់ត្រូវបង់ប្រាក់ចំនួន១០ដុល្លារ(ដប់ដុល្លារ) ទៅឱ្យអ្នករត់ការ។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តមិនមានគោលការណ៍ក្នុងការផ្តល់ដីឡូត៏នៅក្នុង តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយជូនប្រជាពលរដ្ឋនោះទេ។ ចំពោះសកម្មភាព នៃការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៏ស្ថិតនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ(ចំណុច អូរតាអ៊ីង) ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុខាងលើនេះ កំពុងបង្កឱ្យមានភាពចលាចល និងការចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋយ៉ាងអាណាធិបតេយ្យ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង សណ្ដាប់ធ្នាប់សាធារណៈ ។

ចំពោះទង្វើខាងលើនេះ រដ្ឋបាលខេត្តស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកចាប់ក្រុមមេក្លោងដើម្បីចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ ។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចាញ់បោកតាមការ ញុះញុង របស់ក្រុមមេខ្យល់ សូមប្រញាប់ដកខ្លួនចេញជាបន្ទាន់ចៀសវាងការប្រឈមមុខចំពោះផ្លូវច្បាប់ ដោយ ត្រូវរាយការណ៍ និងដាក់ពាក្យបណ្តឹងក្រុមជនឆបោកទាំងនោះមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទាមទារប្រាក់ របស់ខ្លួនមកវិញ៕

អត្ថបទដែលជាប់ទាក់ទង