ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ជនសង្ស័យបើករថយន្តម៉ាក TOYOTA PRIUS បុក បុរសជិះម៉ូតូម្នាក់ ស្លាប់ នៅរង្វង់មូលកោះពេជ្រ

36

 

ភ្នំពេញ ៖មន្ត្រីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយជនសង្ស័យបើករថយន្តម៉ាក TOYOTA PRIUS បុក បុរសជិះម៉ូតូម្នាក់ ស្លាប់ នៅរង្វង់មូលកោះពេជ្រ។

អនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យម្នាក់ដែលបានបើករថយន្តម៉ាក TOYOTA PRIUS បង្កបុកបុរសម្នាក់ជិះម៉ូតូបណ្តាលឱ្យ ស្លាប់ នៅចំណុចរង្វង់មូលកោះពេជ្រ វិថីសួនច្បារ ប្រសព្វវិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ជនសង្ស័យ និងវត្ថុតាងនាំមកការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី។ ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ក្រោមការដឹកនាំស្រាវជ្រាវដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោក។

លោកវរសេនីយ៍ឯក សែម រតនា ស្នងការរង បានប្រាប់ឱ្យដឹងថា៖ករណីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស មិនស្គាល់ផ្លាកលេខបង្កគ្រោះថ្នាក់ចរាចណ៍ខាងលើគឺកម្លាំងជំនាញបានខិតខំយកចិត្តទុកដាក់បំផុតធ្វើការស្រាវជ្រាវតាមមុខសញ្ញាជាប្រចាំ តាមរយៈកាមេរ៉ាសុវត្ថិភាពហើយការស្រាវជ្រាវចំណាយពេលជាច្រើនថ្ងៃឈានដល់កំណត់បានមុខសញ្ញាជនសង្ស័័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យឈ្មោះ លី ថាដារ៉ាវិ ភេទប្រុស មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

បើតាមចម្លើយសារភាពជនសង្ស័យគឺមុនពេលកើតហេតុរូបគេបានផឹកស្រាបៀរអស់០៨កំប៉ុងនៅផ្ទះបងធម៌ ក្នុងបុរីសម្បត្តិមានហេង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលមានគ្នា០៧នាក់ លុះការផឹកស៊ីរហូតដល់៤ទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក៏ខ្ចីរថយន្តបងធម៌ម៉ាក TOYOTA PRIUS ពណ៌ស ថាមកផ្ទះ ក្នុងនោះមានមិត្តភក្តិម្នាក់សុំមកជាមួយផងដែរ។ ប៉ុន្តែពួកគេមិនបានចូលផ្ទះនោះទេ ក៏បើករថយន្តមកផឹកបន្តនៅម្តុំវិមានឯករាជ្យអស់ស្រាបៀរមួយយួរទៀត។ បន្ទាប់មក មិត្តភក្តិម្នាក់ក៏សុំទៅផ្ទះមុន។លុះដល់វេលាម៉ោង៤និង៥០នាទី ខែ ឆ្នាំដដែល ក៏មានមិត្តភក្តិតេទូរស័ព្ទមកខ្លួនឱ្យជួយថាមានទំនាស់គ្នានៅកោះនរា រូបគេក៏បើករថយន្តយ៉ាងលឿនដើម្បីទៅជួយមិត្តភក្តិ ហើយក៏ដល់កន្លែងកើតហេតុបើកបញ្ច្រាសទិសរង្វង់មូលបានបុកម៉ូតូជនរងគ្រោះតែម្តង នៅពេលនោះរូបគេក៏បើករថយន្តគេចខ្លួនតែម្តង។
ជនសង្ស័យនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា៖ កាលពីទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ។ រថយន្ត ធ្វើដំណើរតាមបណ្ដោយវិថីកោះពេជ្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបញ្រ្ចាសទិសចរាចរណ៍ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ក្រហម គ្មានផ្លាកលេខ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង អ្នកបើករថយន្ដបើករត់គេចចេញពីកន្លែងកើតហេតុ។ ចំណែកអ្នកបើកម៉ូតូបានបាត់បង់ជីវិត ដែលមានឈ្មោះ ចាន់ ផេងលាង ភេទប្រុស រស់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

មូលហេតុគ្រោះថ្នាក់ ៖ អ្នកបើកបររថយន្ត បើកបញ្រ្ចាសទិសរង្វង់មូលល្បឿនលឿន រួចបើករថយន្ដរត់គេចពីកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង