ផ្ទះរបស់មន្រ្តីអធិការកិច្ចក្រសួងសាធារណការ ត្រូវចោរចូលលួចយកគ្រឿងអលង្កា និងលុយមួយចំនួន
ភ្នំពេញ៖ មន្រ្តីអធិការកិច្ចក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវចោរមួយក្រុម ចូលគាល់ផ្ទះ លួចលុយ គ្រឿងអលង្កា និងទូរស័ព្ទ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះលេខ៤៧A ផ្លូវលេខ២១ ក្រុមទី៣៦ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសាន សូលីណា ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរអធិការកិច្ចក្រសួងសាធារណការនិងដឹកជញ្ជូន ទីលំនៅផ្ទះកើតហេតុខាងលើ។ សម្ភារៈបាត់បង់ៈ ខ្សែកដាំត្បូងពេជ្រចំនួន២ខ្សែ ចិញ្ជៀនពេជ្រចំនួន៣វង់ ក្រវិលពេជ្រចំនួន២គូរ ដុំមាស៥ជី លុយជាង៣០០០ដុល្លារ ទូរស័ព្ទដៃម៉ាកSamsung Note8 ពណ៌មាសមួយគ្រឿង។ ដកហូតស្លាកស្នាមក្រយ៉ៅម្រាមដៃចំនួន២ម្រាម ជាប់នឹងប្រអប់ដាក់គ្រឿងអលង្កា។
យោងតាមឈ្មោះ សាន សូលីណា ភេទស្រី អាយុ៤៨ឆ្នាំ ដែលត្រូវជាម្ចាស់ផ្ទះ និងជាម្ចាស់សម្ភារៈបាត់បង់ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី នាងខ្ញុំបានចាកចេញពីផ្ទះ ទៅចូលរួមកម្មវិធីឡើងផ្ទះ របស់មិត្តភក្តិ នៅម្តុំវិមានភ្នំពេញ ជិតផ្លូវឯកឧត្តម ជា សុផារ៉ា លុះដល់ម៉ោងប្រហែល២១និង៣០នាទី ពេលកម្មវិធីចប់ ខ្ញុំក៏ត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះនាងខ្ញុំក៏ដោះគ្រឿងអលង្កា ដាក់ក្នុងកូនទូរឈើ ក្នុងបន្ទប់ដេក ដោយបានចាក់សោត្រឹមត្រូវ និងទុកកូនសោលើកូនទូ និងទូរស័ព្ទដៃ រួចមកអង្គុយធ្វើកិច្ចការនៅមុខបន្ទប់ដេក រហូតដល់ម៉ោង២៤និង៣០នាទី នាងខ្ញុំមិនស្រួលខ្លួន ក៏លេបថ្នាំរួចក៏ចូលទៅសម្រាកក្នុងបន្ទប់ ដោយបានបិតទ្វារត្រឹមត្រូវ លុះដល់ម៉ោង៩និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នាងខ្ញុំភ្ញាក់ពីដេក ស្រាប់តែឃើញទូដាក់គ្រឿងអលង្កាចំហ ទើបដឹងថាបាត់ ដោយចោរលួច៕