កងទ័ពលេខ៥១ ប្ដេជ្ញា បង្កើនចិញ្ចឹមសត្វ នឹងដាំបន្លែ ដើម្បីផ្គត់ផ្គង់អង្គភាពនិងលក់នៅទីផ្សារសហគមន៍
បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ បាន ប្ដេជ្ញាបង្កើនចិញ្ចឹមសត្វ នឹងដាំបន្លែ ដើម្បីផ្គត់ផ្គង់អង្គភាពនិងលក់នៅទីផ្សារសហគមន៍ ពិសេស នៅតាមបណ្តាកងឯកភាពចំណុះទាំងអស់ ឱ្យបន្តការយកចិត្តទុកដាក់ដល់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត ធានាការចិញ្ចឹមកងទ័ពហូបប្រចាំថ្ងៃ ឱ្យបានគ្រប់គ្រាន់ តាមផែនការរបស់ថ្នាក់លើ។
ជាពិសេសជួយសម្រួលដល់គ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ហើយផលិត ផលលើសតម្រូវការ បានដាក់លក់នៅលើផ្សារសហគមន៍ ខេត្តបន្ទាយមានជ័យ ចូលរួមអនុវត្តតាមផែនការ យុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ។
នេះជាប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ឱ្យដឹង កាលពីរសៀលថ្ងៃអាទិត្យ ១៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ផងដែរថា បណ្តាអង្គភាពចំណុះ បានធ្វើការដាំដុះបន្លែចម្រុះ និងការងារចិញ្ចឹមសត្វ រួមមាន៖ គោ ជ្រូកមាន់ ទា តាមផែនការរបស់កងពលតូចថ្មើរជើងលេខ៥១ ។ បន្លែចម្រុះ ត្រីសាច់ មាន់ ទា ផលិតផលមួយចំនួនបានលើសតម្រូវការ ហើយបាននាំយកទៅលក់នៅទីផ្សារសហគមន៍ ក្នុងខេត្តបន្ទាយមានជ័យរាល់ថ្ងៃអាទិត្យ ដើម្បីសន្សំថវិកាជួយកសាងអង្គភាព និងជួយឧបត្ថម្ភក្នុងកិច្ចការងារមនុស្សធម៌ផងដែរ ៕. ដោយ សំរិត